(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី២ នៃខែមិថុនា ពោលគឺចាប់ពីថ្ងៃទី០៦-១២ ខែមិថុនា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៥កន្លែង សរុបមានចំនួន១២,៦០២នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១២,៦០១នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០១នាក់។
ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៦-១២ ខែមិថុនា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១២,៦០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១២,៦០១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០១នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៩,៥៣% (ទេសចរសប្តាហ៍មុន មានចំនួន ១៣,៩៣១នាក់)។
ប្រភពបានបន្តថា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប៣,៤២១នាក់ (ស្រី១,៦៧០នាក់) បើប្រៀបធៀបនឹងថ្ងៃទី១១ កើនឡើង៩៧,៨៦% (ថ្ងៃអាទិត្យចុងសប្តាហ៍)។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅ សរុប៣៩០នាក់ ស្រី២១៦នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវ សរុប៩០៦នាក់ ស្រី២១៦នាក់។
តួលេខភ្ញៀវទេសចរខាងលើ មានការថមថយបន្តិចបន្តួច ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរ ទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ទន្ទឹមនឹងនេះ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋភាគច្រើន បាននាំគ្រួសារដើរកម្សាន្តរួចរាល់ហើយដែរ នៅសប្តាហ៍ទី១ នៃខែមិថុនា ពោលគឺក្រោយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥៕