(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងសោភ័ណភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោមុនឈានទៅដល់ស៉ីហ្គេមឆ្នាំ២០២៣ ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) បានខិតខំកៀរគររកដៃគូចូលរួមក្នុងកិច្ចការងារនេះយ៉ាងសកម្ម ជាក់ស្ដែងក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ក៏បានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភធុងសំរាមចំនួន៥០ឈុត ជូនពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

ពិធីប្រគល់-ទទួលធុងសំរាមនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) រួមជាមួយអ្នកចូលរួមប្រមាណ១០០នាក់។

លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង គ.ជ.វ.ទ. និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានធ្វើសេចក្តីរាយការណ៍អំពីកិច្ចសហការរវាង គ.ជ.វ.ទ. ជាមួយនឹងក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ។ លោកបានបន្តថា ដោយទទួលបានការណែនាំពីលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.ជ.វ.ទ. ក្រុមការងារនាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ស្នើសុំធុងសំរាមដើម្បីដាក់ប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមហ៊ុនក៏បានសម្រេចផ្តល់ជូននូវធុងសំរាមចំនួន៥០ឈុត ស្នើនឹង១០០ធុង ជាប្រភេទធុងសំរាមធ្វើអំពីដែក និងមានការបែងចែកសំណល់ផ្លាស្ទីក និងសំណល់សេរីរាង្គ។

ជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវគ្រោងសហការជាមួយ គ.ជ.វ.ទ. រៀបចំយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ចំនួន២លើក ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាជាតិសម្អាតឆ្នេរ និងលើកទី២ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោក Bruce Kidner អគ្គនាយកស្តីទីនិងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានថ្លែងសេចក្តីរីករាយសោមនស្សដែលបានឧបត្ថមធុងសំរាមជូនដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ហើយកិច្ចការនេះដែរគឺជាផ្នែកមួយនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ក្នុងការការពារបរិស្ថាន ការលើកកម្ពស់ទីក្រុងស្អាត និងការលើកម្ពស់ការរស់នៅប្រកបដោយចីរភាព។

ស្រាបៀរកម្ពុជាខេមប្រ៊ូវប្តេជ្ញានឹងចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលចូលរួមក្នុងការជំរុញឱ្យសង្គមយើងកាន់តែប្រសើរឡើង ដែលស្របទៅនឹងគោលដៅរបស់ក្រុមហ៊ុនខេមប្រ៊ូវការអភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះនិងថ្ងៃស្អែក! - Brewing for a better today & Tomorrow និងគោលដៅជាសកល «រួមគ្នាឆ្ពោះទៅកាន់ ZERO - Together Toward Zero Carbon Footprint»។ លោកក៏បានបន្ថែមថាធុងសំរាមដែលប្រគល់ជូននៅថ្ងៃនេះនឹងចូលរួមចំណែកជាដំណោះស្រាយក្នុងការគ្រប់គ្រងសំរាមនៅកម្ពុជា។

លោក ថោង ខុន បានឱ្យដឹងថា ធុងសំរាមទាំង៥០ឈុត ដែលក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប៊្រូវប្រគល់ជូនពហុកីឡដ្ឋានជាតិមរតកតេជោយកទៅប្រើប្រាស់នៅថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដ៏ឱឡារឹកដែលកម្ពុជាបានរង់ចាំជាង៦០ឆ្នាំមកហើយ។

លោករដ្ឋមន្ត្រីបានបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោជាពហុកីឡដ្ឋានមួយក្នុងចំណោមបណ្តាពហុកីឡដ្ឋានដ៏ធំៗជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងរំពឹងទទួលអ្នកចូលរួមទស្សនាជាតិ-អន្តរជាតិប្រមាណ៦ម៉ឺននាក់ ដូចនេះការថែរក្សាភាពស្អាត អនាម័យ និងសោភ័ណភាព គឺជាកត្តាសំខាន់មួយក្នុងការថែរក្សាសុខភាព និងសុខមាលភាពអ្នកចូលរួមទស្សនា ក៏ដូចជាតំណាងឱ្យមុខមាត់របស់កម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីមានជំនឿថាការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការទទួលកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានភាពជោគជ័យខ្ពស់ ដោយមានការចូលរួមពីគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ជាអាទិ៍ពិធីប្រគល់ធុងសំរាមពីក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវនាថ្ងៃនេះ។ ក្នុងន័យនេះ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ ដែលបានប្រគល់ជូនពហុកីឡដ្ឋានជាតិមរតកតេជោនូវធុងសំរាមចំនួន៥០ឈុតសម្រាប់ប្រើប្រាស់។ លោកក៏បានបន្ថែមថា ដោយពហុកីឡដ្ឋាននេះមានទំហំធំ ក្រុមហ៊ុនអាចបន្តផ្តល់ធុងសំរាមជាច្រើនទៀតនាពេលអនាគត។

លោកបានអំពាវនាវដល់ព្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិ និងសោភ័ណភាពទាំងអស់គ្នា ក៏ត្រូវការជាចាំបាច់ផងដែរនូវការបង្កើនការអប់រំ និងបន្តបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់គ្រងសំរាម៕