(បាត់ដំបង)៖ អ្នកចម្ការដាំទុរេនមួយកន្លែង នៅស្រុកសំឡូត ខេត្តបាត់ដំបង បានបង្ហាញក្តីរីករាយជាខ្លាំង និងចាប់ផ្តើមប្រមូលផលហើយ ខណៈតម្លៃក៏លក់បានថ្លៃខ្ពស់ជាងឆ្នាំមុន។
បើតាមម្ចាស់ចម្ការយីហោ ប៉ាម៉ាក់ខ្ញុំ លោក ថាក់ លីលីន រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ហេតុផលនៃការដាំដុះដើមធុរេនដោយសារតំបន់មួយភាគរបស់ស្រុកសំឡូតដីមានជីវជាតិ ហើយអំណោយផល និងសម្លឹងឃើញថាដំណាំទុរេនមានតម្លៃល្អ អាចបង្កើនជីវភាពគ្រួសារបានកាន់តែប្រសើឡើង។
ក្រោយការពង្រីកផ្ទៃដីដាំដុះពី ១ហិកតា មកដល់បច្ចុប្បន្នចំនួន ៧ហិកតា ស្មើនឹងជិត ២,០០០ដើម ក្នុងនោះដើមទុរេនចំនួនជិត ២,០០០ដើម កំពុងប្រមូលផលលក់ដូរបានកាក់កបល្អប្រសើរ។ ក្នុងមួយឆ្នាំទុរេនហុចផល បានប្រាក់ប្រមាណជាង ១០០លានរៀល។
លោកមានភាពជឿជាក់ខ្លួន ព្រោះថាទុរេនដែលកសិករផលិតបាន គឺគាត់ជាអ្នកកំណត់តម្លៃដោយខ្លួនឯង។
ម្ចាស់ចម្ការដដែល បានបន្តថា បច្ចុប្បន្នផ្លែទុរេនចាស់ជិតទុំលក់បានតម្លៃ ២០,០០០រៀលក្នុងមួយគីឡូក្រាម រីឯទុរេននទុំលក់បានតម្លៃ ២២,០០០រៀល និងកាលពីដើមរដូវលក់បានក្នុងតម្លៃ ២៥០០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីអតិថិជនជាអាជីវករបញ្ជាទិញ នៅមានភ្ញៀវដើរលំហែរក្នុងស្រុកមួយចំនួនធំទៀត បានចុះមកទិញដល់ចម្ការផ្ទាល់។
ទុរេនរបស់លោកក៏មានទីផ្សារចែកចាយ ២៥ខេត្តក្រុង តាមការបញ្ជាទិញតាមផេកហ្វេសប៊ុកជាច្រើនផងដែរ ពិសេសអ្នករស់នៅក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។
លោក ថាក់ លីលីន បញ្ជាក់បន្ថែមដែរថា ដើម្បីជៀសវាងករណីយកទុរេនពីក្រៅប្រទេស បន្លំថាជាផ្លែទុរេនស្រុកសំឡូត ទាំងទុរេនសំឡូតទើបតែក្តិបមិនទាន់ធំល្អផងនោះ មន្ត្រីនៃមន្ទីរកសិករកម្មរុក្ខាប្រមាញ់ ខេត្តបាត់ដំបង បានសហការយ៉ាងល្អជាមួយកសិករគ្រោងធ្វើ QR code បិទលើទងទុរេន ដើម្បីបញ្ជាក់ដល់អតិថិជនឲ្យបានដឹងពីផលិតផលទុរេនសំឡូតពិតប្រាកដ ឬមិនមែន។
ម៉្យាងទៀត ផ្លែទុរេនសំឡូតចាប់ផ្តើមទុំនៅអំឡុងដើមខែមិថុនា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះជាទុរេននាំចូលពីក្រៅប្រទេសទេ ទាំងគុណភាពក៏មិនដូចទុរេនក្នុងស្រុកដែរ ហើយចំពោះសាច់ទុរេនខ្មែរវិញមាន ពណ៌ទឹកដោះគោ ចំណែកសាច់ទុរេននាំចូលពីក្រៅប្រទេសមានពណ៌លឿងមិនឈ្ងុយ និងរសជាតិមិនឈ្ងុយដូចខ្ទឹះដូងឡើយ៕