(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការប្រកាសសាលក្រម លើសំំណុំរឿងទណ្ឌិត សម រង្ស៉ី ជាមួយអតីតមេដឹកនាំសកម្មជនក្រុមប្រឆាំងជាច្រើននាក់ទៀត ពាក់ព័ន្ធការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈផែនការ ថ្ងៃទី០៩ ខែវិច្ឆិកា។ នេះបើតាមតារាងកាលវិភាគរបស់លេខាធិការដ្ឋាន នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គួរជម្រាបថា កាលពីពេលកន្លងមកក្នុងសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង សេង ហៀង បានកោះហៅ បុគ្គល សម រង្ស៉ី និងជនជាប់ចោទទាំង៤១នាក់ទៀត ឲ្យចូលខ្លួនមកកាន់បន្ទប់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដើម្បីបើកការជំនុំជម្រះតាមនីតិវិធីច្បាប់ដែលបានកំណត់ ប៉ុន្តែរាល់លើកក្រុមជនត្រូវចោទភាគច្រើនមិនបានចូលខ្លួន ហើយខ្លះបានរត់ចោលស្រុកទេស។
បើតាមមន្រ្តីតុលាការ សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមាន ចំនួនសរុប១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការ មានតែ៣៤រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២សំណុំរឿងវិញ។
ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកាកោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទ នៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអតីតសមាជិកបក្សប្រឆាំងទាំង ១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សូមរំលឹកថា ក្រុមមេក្លោងផែនការផ្ដួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដោយក្នុងនោះមានការកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
ក្រៅពីកាត់ទោស លោក សម រង្ស៉ី, តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឲ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឲ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឲ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕