(ហ្សឺណែវ,ស្វីស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមគ្នាទាមទារជំនួយពីកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ ដើម្បីកសាងសមត្ថភាព និងបច្ចេកទេស។

លោករដ្ឋមន្ត្រីបានថ្លែងជំរុញបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ដ្រី បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះ។ លោករដ្ឋមន្ត្រីបន្តថា នៅក្នុងកិច្ចប្រជុំ MC12 និងឱកាសបន្តបន្ទាប់ទៀត ប្រទេស LDCs ទាំងអស់ត្រូវតែបន្តទាមទារ ជំនួយកសាងសមត្ថភាព និងបច្ចេកទេសតាមរយៈក្របខណ្ឌផ្សេងៗ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការទាមទារជំនួញនេះ មិនត្រឹមតែជួយឱ្យប្រទេសអភិវឌ្ឍន៍តិចតួច អាចទាញយកប្រយោជន៍ឱ្យបានពេញលេញពីប្រព័ន្ធអនុគ្រោះ និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយ ដែលប្រទេស LDCs ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

លោករដ្ឋមន្ដ្រី ក៏បានជំរុញប្រទេស LDCs បន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែកឱ្យក្លាយជាគោលការណ៍ចម្បងនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Group) នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការ WTO ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេស LDCs៕