(ភ្នំពេញ)៖ កម្ពុជា នឹងរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» ជួបជាមួយសហគ្រាស ក្រុមហ៊ុនធំៗនៅកម្ពុជា និងតាំងពិព័រណ៍ស្នាដៃសិស្ស និស្សិត TVET សមិទ្ធផលរបស់ក្រសួង-ស្ថាប័ននានា។

ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នឹងរៀបចំធ្វើឡើងនៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដោយបើកឲ្យចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ។

តាមសារាចរណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទិវាជាតិនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស។

ដើម្បីឲ្យទិវាជាតិនេះ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពអធិកអធម និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បើទោះបីជាការរៀបចំ ទៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងការរៀនរស់ជាមួយជំងឺកូវីដ១៩ ក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដូចខាងក្រោម៖

១៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផលិតជាវីដេអូ និងខ្លឹមសារឯកសារ
ផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។

២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២
តាមអង្គភាពរៀងៗខ្លួន។

៣៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការ និងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិលើកទី៥ ឆ្នាំ២០២២នេះ ឲ្យកាន់តែផុលផុស និងគ្រប់មធ្យោបាយ
ដូចជា ការចងពាក្យស្លោក បដា នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។

៤៖ រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ដោយមានការចូលរួម ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្ត ឲ្យមានការចូលរួមពីវិស័យឯកជនក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផងដែរ។

៥៖ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឲ្យធ្វើការផ្សព្វផ្សាយ
សារាចរសារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា វីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ។

៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដា ពាក្យស្លោក នៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

* អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២!
* TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់!
* TVET ជួយឲ្យមានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់!
* TVET ជំនាញពិត ជីវិតប្រសើរ!
* TVET ជាសសរស្ដម្ភមួយនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ!
* TVET ផ្ដល់ជំនាញពិត ផ្ដល់ការងារ និងមុខរបរសមរម្យ!
* យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត!
*ស្ត្រី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានដែរ!
* TVET ដើម្បីទាំងអស់គ្នា!

ជាមួយគ្នានេះ រាជរដ្ឋាភិបាល សូមអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមនិងផ្សព្វផ្សាយទិវាជាតិនេះ ឲ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស៕