(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការបង្កើតឲ្យមានស្តង់ដារអប្បបរមា ក្នុងការផ្ដល់អាជ្ញាប័ណ្ណ ដល់គ្រឹះស្ថានសុខាភិបាលវិស័យឯកជន ជាការបង្កើនគុណភាពសេវា ក្នុងការព្យាបាលជំងឺប្រជាពលរដ្ឋ។

លោកស្រីរដ្ឋលេខាធិការបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ LBN ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីអំពី ស្តង់ដារអប្បបរមាសម្រាប់ផ្ដល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីតំណាងអង្គភាពសុខាភិបាល ១៣ ខេត្ត និងបណ្ដារវិស័យឯកជនផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបន្តថា «ការជួបជុំគ្នានៅថ្ងៃនេះសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគិត ក្នុងការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ជាពិសេសគឺបណ្ដារវិស័យឯកជន»

លោកស្រីបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយរបស់ក្រសួងសុខាភិបាល តែងតែបើកទូលាយឲ្យមានការចូលរួមចំណែកអភិវឌ្ឍ ក៏ដូចជាការចូលរួមចំណែកផ្ដល់សេវាសុខាភិបាល នៃវិស័យឯកជន ដែលកន្លងមកឆ្លងកាត់តាមការវាយតម្លៃរបស់ក្រសួងសុខាភិបាលឃើញថា មានក្លីនិកមួយចំនួន រីកចម្រើនលើបរិមាណ និងមួយចំនួនទៀតរីកចម្រើនលើគុណភាព ដូច្នេះហើយត្រូវចូលរួមគិតទាំងអស់គ្នា ទៅលើគុណភាពសេវា។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងចំនួន ៣ ចំណុច ដែលពាក់ព័ន្ធទៅនឹងគុណភាពសេវាសុខាភិបាលឯកជន ក្នុងនោះ៖

*ទី១៖ គឺច្បាប់អនុញ្ញាត ដែលមានពីរផ្នែក ដូចជា ១/ ច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមានរួចហើយ កំពុងអនុវត្តបច្ចុប្បន្ន ២/ ច្បាប់គ្រប់គ្រងសេវាសុខាភិបាល កំពុងដំណើរការត្រួតពិនិត្យតាមស្ថាប័នជំនាញ ដើម្បីយកមកអនុវត្ត។

*ទី២៖ អំពីស្តង់ដារ ដូចជាទីកន្លែងអោយសមរម្យ, ផ្នែកអនាម័យល្អ, អ្នកដែលផ្ដល់សេវា និងអ្នកមកទទួលសេវាទាមទារឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ត្រូវមានការយល់យោគគ្នា ត្រូវចេះវិវឌ្ឍន៍ខ្លួនូវការប្រើប្រាស់បច្ចេកវិជ្ជា ឌីជីថល ដើម្បីអភិវឌ្ឍការផ្ដល់សេវារបស់ខ្លួន និងត្រូវចេះតាមដានការប្រែប្រួលរបស់អ្នកជម្ងឺក្រោយពីការចេញវេជ្ជបញ្ជា ឬផ្តល់ថ្នាំឲ្យពួកគាត់រួច។

*ទី៣៖ តម្លៃសេវា ត្រូវសរសេរដាក់ឲ្យសាធារណជនមើល នៃតម្លៃសេវានីមួយៗ បិទដាក់នៅកន្លែងងាយមើលឃើញ ដើម្បីឲ្យពួកគាត់មានការសម្រេចចិត្ត និងត្រូវមានសម្ភារៈបរិក្ខាពេទ្យឱ្យត្រឹមត្រូវ ដើម្បីលើកស្ទួយកម្រិតលទ្ធភាព ពិនិត្យមើលរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដើម្បីធានាសុវត្ថិភាពសុខភាព ដល់អ្នកដែលមកទទួលសេវា ហើយត្រូវគោរពក្រមសីលធម៌គ្រូពេទ្យឱ្យបានត្រឹមត្រូវ៕