(ប៉ារីស)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានថ្មីជំនួសកៅអីលោក Michel Platini ដែលបានដាក់ពាក្យលាលែងពី តំណែងកាលពីថ្ងៃទី៩ ខែឧសភា។
សារព័ត៌មាន BBC បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានថ្មីនេះ គឺត្រូវបានធ្វើឡើងនៅក្រោយពេលប្រធាន បច្ចុប្បន្នលោក Michel Platini វ័យ៦០ឆ្នាំ បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីចាញ់ក្តីកាលពីថ្ងៃទី៩ ឧសភា ដែលបានកាត់ឲ្យបុរសជនជាតិបារាំង ខាងលើហាមមិនឲ្យធ្វើសកម្មភាពទាំងឡាយណា ទាក់ទងនឹងកីឡារយៈពេល៤ឆ្នាំ ពាក់ព័ន្ធនឹងលុយពុករលួយជាង ២លានដុល្លារ ដែលបានឃុបឃិតគ្នាជាមួយនឹងអតីតប្រធាន FIFA លោក Sepp Blatter កាលពីឆ្នាំ២០១១នោះ។
Platini បានដឹកនាំ UEFA អស់រយៈពេល៩ឆ្នាំ ពោលគឺចាប់តាំងពីរូបលោកបានឈ្នះឆ្នោតដំបូងក្នុងឆ្នាំ២០០៧មក និងបានជាប់ឆ្នោតជាអនុប្រធាន FIFA ក្នុងឆ្នាំ២០០៩។ បេក្ខជនដែលមានសិទ្ធិបោះឆ្នោតជ្រើសរើស ប្រធានថ្មីនេះដែរ គឺជាសមាជិកទាំង៥៥ប្រទេស ក្នុងទ្វីបអឺរ៉ុបទាំងមូល នាថ្ងៃទី១៤ កញ្ញា នៅទីក្រុងអាតែន នៃប្រទេសក្រិក។
រហូតមកទល់នឹងពេលនេះមានបេក្ខជន ៤នាក់បានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងនោះ រួមមានលោក Michael van Praag ប្រធានសហព័ន្ធបាល់ទាត់ប្រទេសហូឡង់, លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់ ប្រទេសស្លូវ៉ាគី និងលោក Angel Maria Villar អនុប្រធាន UEFA ជនជាតិអេស្ប៉ាញ, លោក Theodore Theodoridis អគ្គលេខាធិការ UEFA បណ្តោះអាសន្ន៕