(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។ កិច្ចប្រជុំនេះ ធ្វើឡើងនៅអគារមិត្តភាព ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ដំណឹងនេះត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕