(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់សម្ភារៈអប់រំ និងការិយាល័យរបស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដល់ខេត្តគោលដៅទាំង៧ និងអង្គភាពអនុវត្តន៍គម្រោង។
ពិធីប្រគល់ និងទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនេះ បានធ្វើឡើងនៅឃ្លាំងឱសថកណ្តាល (Central Medical Stores) ក្រោមអធិបតីភាពរបស់ លោកស្រីវជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ។
លោកស្រីវជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ដថា សម្ភារៈអប់រំ ដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈ មានខេត្តគោលដៅទាំង៧ នាថ្ងៃនេះ រួមមាន៖ ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តកោះកុង, ខេត្តនិងកំពង់ឆ្នាំង។
លោកស្រីវជ្ជបណ្ឌិត យក់ សម្បត្តិ បានបញ្ជាក់ថា អង្គភាពអនុវត្តគម្រោងរួមមាន៖
*១៖ DLI D កម្មវិធីជាតិអាហារូបត្ថម្ភ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងតារក
*២៖ DLI G មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
*៣៖ DLI (PCA) ភ្នាក់ងារបញ្ជាក់ចំណាយក្រសួងសុខាភិបាល
*៤៖ LI J នាយកដ្ឋានផែនការថវិកានៃ ក្រសួងសុខាភិបាល
*៥៖ LI នាយកដ្ឋានការពារសុខភាពនៃ ក្រសួងសុខាភិបាល។
បន្ថែមពីនេះទៀត លោកស្រី សង្ឃឹមថា សម្ភារៈទាំងអស់នេះ និងជួយមួយចំណែកដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយចំនួន ក៏ដូចជាការលើស្ទួយដល់សុខភាពមាតា និងទារក ក្នុងការផ្ដល់អាហាររូបត្ថម្ភបន្ថែម និងការអប់រំសុខភាពមាតា ក៏ដូចជាការចិញ្ចឹមបីបាច់ថែរក្សាទារករបស់ខ្លួនឲ្យមានសុខភាពល្អ រហូតឈានទៅដល់ការអភិវឌ្ឃន៍ធនធានមនុស្ស។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីក៏បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងតែយកចិត្ដទុកដាក់ដល់មន្រ្ដីសុខាភិបាល ហើយប្រសិទ្ធនាមជាកងទ័ពអាវស។ លោកស្រីបានបន្តថា ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យើងក៏មិនភ្លេចផ្ដល់សេវាមូលដ្ឋាន មាតាគាំពារ និងទារក សុខភាពមាតាទារកសំខាន់៕