(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវប្រឹងប្រែងដោះស្រាយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលរស់នៅតាំងពីយូរឆ្នាំមកហើយនោះ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ធានាបាននូវការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងចំពោះមុខភាពគង់វង្សនៃបឹងទន្លេសាប។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈសារដែលសម្ដេចបានបញ្ជូនទៅកាន់អភិបាលខេត្តជុំវិញបឹងទន្លេសាបហើយនោះ អភិបាលខេត្តដែលជាប់ពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្នុងខេត្តរៀងៗខ្លួន លើការងារកាត់ឆ្វៀលដីនៅតំបន់៣ជូនប្រជាពលរដ្ឋដែលរស់នៅចាប់ពី១០ឆ្នាំឡើងទៅ។
សម្ដេចតេជោបានលើកឡើងថា តំបន់៣ខ្លះ មានប្រជាជនរស់នៅតាំងយូរលង់ណាស់មកហើយ កន្លែងមានអ្នករស់នៅតាំងពី២០០ឆ្នាំមកហើយ ខ្លះតាំងពីឆ្នាំ១៧០០ ឆ្នាំ១៨០០ ខ្លះតាំងពីសម័យសង្គមរាស្ត្រនិយម ដូច្នេះមិនត្រូវដេញពួកគាត់ចេញនោះទេ ត្រូវតែកាត់ឆ្វៀលដីជូនពួកគាត់។ ម្យ៉ាងវិញក្រៅពីដីលំនៅដ្ឋាន ក៏ត្រូវគិតគូរបែងចែកដីសម្រាប់បង្កបង្កើនផលជូនប្រជាជនផងដែរ។ សម្ដេចបានគូសបញ្ជាក់ថា ការងារនេះមានតែអភិបាលខេត្តទេដែលស្គាល់ភូមិសាស្ត្រច្បាស់ ហើយត្រូវសហការអនុវត្តការងារនេះឱ្យបានសម្រេចជូនប្រជាជន។
សម្ដេចតេជោបានលើកជាយោបល់ថា ប្រសិនអាច គួររៀបចំតំបន់ព្រៃដែលមានប្រជាជនរស់នៅនោះទៅជាព្រៃសហគមន៍ ដើម្បីឱ្យប្រជាជនថែរក្សាព្រៃឈើ និងរកអនុផល នេសាទលក្ខណៈគ្រួសារនៅទីនោះបាន។ អាជ្ញាធរពាក់ព័ន្ធក៏ត្រូវអំពាវនាវកុំឱ្យគាត់កាប់ព្រៃតទៅទៀត តែក៏ត្រូវផ្ដល់ព្រៃឱ្យគាត់ថែរក្សាប្រើប្រាស់ជាព្រៃសហគមន៍ផង។
សម្ដេចតេជោបានបន្តទៀតថា តំបន់២ខ្លះអាចកាត់ទៅជាតំបន់១ តំបន់៣ខ្លះកាត់ទៅជាតំបន់២ ប៉ុន្តែតំបន់៣ខ្លះដែលមានប្រជាពលរដ្ឋរស់នៅនោះមិននៅជិតតំបន់២នោះទេ ដូច្នេះត្រូវតែកាត់ឆ្វៀលវាឱ្យប្រជាពលរដ្ឋ កុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភថា នៅថ្ងៃអនាគត គាត់ត្រូវគេជម្លៀសទៅកន្លែងផ្សេង។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ត្រូវធ្វើជាក់ស្ដែង! មិនមែននិយាយមុនបោះឆ្នោត ក្រោយបោះឆ្នោតអត់ធ្វើទេណា ប្រយ័ត្នប្រជាជនថាបោក»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំបន្ថែមដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបទាំង៦ថា៖
ទី១៖ ដីដែលរឹបអូសពីប្រជាជនកាលពីពេលថ្មីៗនេះ ដាំដើមឈើរួចហើយ ត្រូវបន្តដាំទៀត ហើយត្រូវការពារឱ្យបាន។
ទី២៖ ទប់ស្កាត់ការកាប់ទន្ទ្រានបន្ថែម។ ចំណុចនេះ ថ្នាក់ជាតិបានឱ្យអំណាចទៅថ្នាក់ខេត្តហើយ មិនអាចរដ្ឋបាលខេត្តងាកមករករដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឬរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីតទៅទៀត កិច្ចការងារទាំងនេះត្រូវខិតខំធ្វើឱ្យបានគត់មត់ កុំរង់ចាំបទបញ្ជាគ្រប់រឿង។
គួរជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជា៣តំបន់។ រាប់ពីបឹងទន្លេសាបមក គឺតំបន់៣ ដែលសំដៅលើតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាតំបន់ដែលប្រជាជនមិនអាចកាប់ទន្ទ្រានព្រៃ មិនអាចតាំងលំនៅដ្ឋាន មិនអាចបង្កបង្កើនផល និងមិនអាចកាន់កាប់ជាម្ចាស់កម្មសិទ្ធិបាននោះឡើយ។ បន្ទាប់ពីតំបន់៣ គឺតំបន់២ ដែលសំដៅលើតំបន់ដែលប្រជាពលរដ្ឋអាចតាំងលំនៅដ្ឋានបាន ប្រើប្រាស់អាស្រ័យផលបាន តែមិនអាចកាន់កាប់ជាម្ចាស់កម្មសិទ្ធិបានឡើយ។ ចេញពីតំបន់២ទើបមកដល់តំបន់១ តំបន់នេះភាគច្រើនជាភូមិដ្ឋានរបស់ប្រជាជនដែលអាចតាំងទីលំនៅ ធ្វើស្រែចម្ការ ប្រើប្រាស់អាស្រ័យផលបាន និងជាមានសិទ្ធិកាន់កាប់ជាម្ចាស់កម្មសិទ្ធិបាន ថែមទាំងមានវត្តអារាម ផ្សារលក់ដូរជាដើម។
ខេត្តដែលជាប់ពាក់ព័ន្ធនឹងតំបន់ជុំវិញបឹងទន្លេសាបទាំង៦នោះ គឺមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
* នៅខេត្តកំពង់ធំបានកែសម្រួលផ្ទៃដីទំហំ ៦,៤៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។
* នៅខេត្តពោធិ៍សាត់បានកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។
* នៅខេត្តបន្ទាយមានជ័យបានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា ៦៨សង់ទីអា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។ ចំណែកខេត្តផ្សេងទៀតនៅមិនទាន់មានអនុក្រឹត្យនៅឡើយទេ៕