(ភ្នំពេញ)៖ ថ្លែងចេញពីកម្មវិធីចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការប ោះឆ្នោតដើម្បីជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍ ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមមក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ចំណុចនេះបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍហើយ ព្រោះនយោបាយគណបក្សប្រជាជនពេលណាក៏ដូចពេលណា គឺសន្តិភាព និងការអភិវឌ្ឍ»។
តាមលទ្ធផលបឋម និងបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៥លានសំឡេង ក្នុងចំណោមជាង៧លានសំឡេងដែលបានទៅបោះឆ្នោត ដែលស្មើនឹងជាង៨០ភាគរយ នៃចំនួនពលរដ្ឋដែលមានឈ្មោះបោះឆ្នោត។ តាមការគណនា សំឡេងគាំទ្រដ៏ច្រើនលើសលុបនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈជាង៩ពាន់ និងអាចគ្រប់គ្រងឃុំសង្កាត់ នៅទូទាំងប្រទេសប្រមាណ ១៦៤៨ ក្នុងចំណោម ១៦៥២ ឃុំសង្កាត់ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិរៀបចំការប ោះឆ្នោត (គ.ជ.ប) និង គណៈកម្មការគ្រប់គ្រងសន្តិសុខក្នុងកំលុងពេលបោះឆ្នោត ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំ និងការពារសន្តិសុខពេលបោះឆ្នោត ឱ្យដំណើរការទៅដោយរលូន និងគ្មានអំពើហិង្សា។
សម្តេចបានចាត់ទុកថា ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋខ្មែរប្រមាណ ៨០ភាគរយ កន្លងទៅនេះ គឺធ្វើឡើងដោយស្ងាត់ស្ងៀម អព្យាក្រឹតភាពខាងនយោបាយ សេរី និងយុត្តិធម៌ ដែលពួកគេបានអនុវត្ត សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំនៅមូលដ្ឋានដែលខ្លួនពេញចិត្ត៕