(ភ្នំពេញ)៖ ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ «ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» ហើយក៏ជាប្រទេសដែលចូលរួម និងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជា ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យ ដូចជាការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ប្រការនេះមិនត្រឹមតែ បានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូ ក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ។
សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» និង «យុទ្ធសាស្ត្រចតុកោណ» សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា មានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរចិននិងកម្ពុជា មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិន ក៏បានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម។
គួររំលឹកថា រយៈពេល ៩ឆ្នាំ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម «ខ្សែក្រាវាត់និងផ្លូវ» ដែលបានដាក់ចេញ ហើយឈានចូលឆ្នាំទី៩ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងការអភិវឌ្ឍយ៉ាងណាខ្លះ? ទី១ គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា។
ទោះបីជាបាននិងកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជា នៅតែរក្សានិន្នាការកំណើនដដែល។ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានឡើងដល់ ៩ពាន់ ៥រយ ៦លានដុល្លារអាមេរិក ដែលកើនឡើង ១,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជាជាមួយប្រទេសចិន បានកើនឡើង ០,៩ភាគរយ និង ៣,៧ភាគរយដោយឡែកពីគ្នា។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទូលាយជាបន្តបន្ទាប់ ចំពោះកសិផលរបស់កម្ពុជា។
ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើម បានកើនឡើងយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ដូចជា បរិមាណនាំចេញផ្លែចេករបស់កម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ ដល់ទៅ ២៧ម៉ឺនតោន ឯតួលេខទាំងនេះ បានឡើងដល់ ៣២ម៉ឺនតោន ក្នុងឆ្នាំ២០២១។ ហេតុនេះហើយបានជា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចេញធំបំផុតរបស់កសិផលកម្ពុជា។
ទី២ គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍។ វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយ ក្នុងចំណោមសសរទ្រទ្រង់ផ្នែកសេដ្ឋកិច្ចធំទាំង៤ របស់កម្ពុជា។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរចិន ដែលទៅទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ម៉ឺននាក់ ឡើងដល់ ២លាន ៣សែន ៦ម៉ឺននាក់ ដូចនេះ ប្រទេសចិនបានក្លាយជា ប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា។
ទី៣ គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ។ នាពេលបច្ចុប្បន្ននេះ ផ្លូវថ្នល់ដែលសាងសង់ដោយប្រទេសចិននៅកម្ពុជា មានប្រវែងសរុបជិត ៣,០០០គីឡូម៉ែត្រ ក្រៅពីនេះចិនក៏បានសាងសង់ស្ពានជាង ១០ខ្សែផងដែរ។ ឧទាហរណ៍ដូចជា ពីក្រុងសៀមរាបទៅក្រុងភ្នំពេញ ឬពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗនៅកម្ពុជា ដែលត្រូវសាងសង់និងជួសជុលទាំងនេះ សុទ្ធតែជាជំនួយរបស់ប្រទេសចិន។ ការដែលប្រទេសចិនបានសាងសង់ផ្លូវថ្នល់ និងស្ពាននៅប្រទេសកម្ពុជាបាននាំមកនូវ ភាពងាយស្រួលខាងចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ។
គួររំលឹកផងដែរថា ឧទាហរណ៍ច្បាស់លាស់បំផុតមួយ ដែលអាចផ្តល់ភាពងាយស្រួលដល់ វិស័យគមនាគមន៍របស់កម្ពុជា គឺ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៃប្រទេសកម្ពុជាបានអះអាងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចន្លោះពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២២។ កាលពីមុន ពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវចំណាយពេលប្រហែលជាង ៤ម៉ោង ហើយផ្លូវនេះក៏បាត់ការជួសជុលជាយូរណាស់មកហើយដែរ។ បន្ទាប់ពីផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ឯពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ នឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល ២ម៉ោង។
លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិនបានលើកឡើងថា ផ្លូវល្បឿនលឿនដែលកំពុងសាងសង់ទាំងនេះនឹងដើរតួនាទីជំរុញ ក្នុងការបង្កបង្កើតជារង្វង់សេដ្ឋកិច្ចនៃរាជធានី ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមបណ្តោយ។
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១ នៃប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានរួមចំណែកយ៉ាងធំធេងដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺ ដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់។
បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី «ខ្សែក្រវាត់និងផ្លូវ» នៅប្រទេសម្ពុជា គួររំលឹកដែរថា គឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់រវាងចិននិងកម្ពុជា ដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា។ នាពេលបច្ចុប្បន្ន វាបានទាក់ទាញសហគ្រាសចំនួន ៥៤ ដែលមកពីប្រទេសជាច្រើន ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី បារាំង អៀរឡង់ កម្ពុជានិងចិនជាដើមឱ្យបង្កើតក្រុមហ៊ុន នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានជំរុញឱ្យមនុស្សជាង ៩,០០០នាក់ មានការងារធ្វើ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយប្រទេសចិន បានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅ ជាមួយនឹង «យុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជា ប្រទេសទាំងពីរចិននិងកម្ពុជា ទទួលបាននូវឱកាសអភិវឌ្ឍន៍ថ្មីៗ ជាច្រើន។ ឧទាហរណ៍ដូចជាក្នុងវិស័យថាមពល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។
សហគ្រាសទុនចិនបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជា ដែលពាក់ព័ន្ធដល់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលគ្រប់ប្រភេទ ដូចជា អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យជាដើម។ ដោយសារគិតពិចារណាពី បញ្ហាអំពីការប្រើប្រាស់ថាមពលស្អាត ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ បានជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តថា ចាប់ពីឆ្នាំ ២០១៩ តទៅ បានប្រែការប្រើប្រាស់ថាមពលទៅជាថាមពលកាបូនទាប។
លោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបាន លទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយ តាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា។ យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែនិងវារីអគ្គិសនីជាដើមវាសុទ្ធតែជា «សូចនាករសំខាន់ៗ សម្រាប់វាស់វែងពីសមិទ្ធផល ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន»។
មិនថាការលើកឡើងនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ឬការចុះហត្ថលេខានិងអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាក៏ដោយ ក៏សុទ្ធតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែមួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយលោកខាងលិច និងស្ថាប័នសិក្សាស្រាវជ្រាវមួយចំនួន ដែលប្រកាន់ទស្សនៈលំអៀងខាងនយោបាយចំពោះប្រទេសចិន បានអះអាងថា ប្រទេសចិនបានឆ្លៀតប្រើខ្ចីឥណទាន ដើម្បីដាក់អន្ទាក់បំណុលសម្រាប់ប្រទេសនៅតំបន់អាស៊ីនិងអាហ្រ្វិក។
ខណៈពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានស្តីពីសំណួរដែលថា «ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា គឺ ពឹងផ្អែកខ្លាំងលើប្រទេសចិន តើកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិននៅពេលអនាគតឬអត់?» សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា «ខ្ញុំសូមបញ្ជាក់ដាច់ខាត យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាប់អន្ទាក់បំណុលចិនឡើយ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលចំពោះកម្ពុជានោះដែរ។»
ខ្ញុំសម្គាល់ថា ឱ្យតែយើងមើលពីបញ្ហានេះដោយអាកប្បកិរិយាសត្យានុម័ត និងយុត្តិធម៌បន្តិចនោះ ក៏អាចឃើញថា ពាក្យសម្តីនេះគ្មានភស្តុតាងអ្វីទាល់តែសោះ។
ឆ្នាំ២០២៣ គឺជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាង ២០០ ច្បាប់ជាមួយនឹងប្រទេសចំនួនជិត១៥០ និងអង្គការអន្តរជាតិចំនួន៣២ ព្រមទាំងបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាង ៩០។ ហេតុអ្វីបានជា «ក្រុមមិត្តភក្តិ» នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ? ពីព្រោះវាសម្របទៅតាមតម្រូវការ នៃការអភិវឌ្ឍរួមរបស់ប្រទេសនានាលើពិភពលោក ដែលបូករួមទាំងប្រទេសកម្ពុជា ក៏ដូចជាសម្របទៅតាមគោលបំណងយ៉ាងខ្លាំង របស់ប្រជាជននៃប្រទេសនានា ដែលចង់មានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះវាបានក្លាយជាផលិតផលសាធារណៈ ដែលទទួលប្រជាប្រិយភាពបំផុតនៅទូទាំងពិភពលោក៕
អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន