(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា (ខ្មែរប្រ៊ូវើរី លីមីតធីត) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានផ្តល់អាហារូបករណ៍១០ម៉ឺនដុល្លារ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលបានប្រារព្ធធ្វើឡើងក្នុងពិធីថ្លែងអំណរគុណក្រុមហ៊ុនខ្មែប្រ៊ូវើរី លីមីតធីត និងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ នៅរោងចក្រស្រាបៀរកម្ពុជា។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតបានថ្លែងថា «ខ្ញុំជឿជាក់ថា វិភាគទានបន្តិចបន្តួចនេះអាចនឹងជួយបានមួយចំណែកតូចក្នុងការផ្តល់ឱកាសដល់យុវជនកម្ពុជាបង្កើនសមត្ថភាពឲ្យត្រូវនឹងទីផ្សារការងារ ដែលកំពុងប្រកួតប្រជែងខ្លាំង ជាពិសេសបន្ទាប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបានចាប់ផ្តើមនៅដើមឆ្នាំ២០១៦នេះ ហើយការផ្តល់អាហារូបករណ៍នេះ ជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានជួយអាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ៨០០ នាក់មកហើយ»។
លោកប្រធានអគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ទៀតថា «សមត្ថភាពយុវជនដែលជាទំពាំងស្នងឫស្សី អាចជាប្រទីបដើម្បីបំភ្លីមាគ៌ាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់ខ្លួនផង និងអាចជួយពង្រឹងគុណភាពធនធានមនុស្សនៃសង្គមជាតិយើងផង»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន0កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតដែលបានចូលរួមលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ដែលនេះជាការចូលរួមចំណែកនេះ បានផ្តល់ឱកាសឲ្យយុវជនកម្ពុជាជាច្រើនដែលមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់សកលវិទ្យាល័យ អាចសម្រេចបំណងរបស់ខ្លួន។ ការបន្តការសិក្សានេះ នឹងជួយកាត់បន្ថយភាពក្រីក្រ និងជួយបង្កើនធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមកម្ពុជា។
ក្រៅពីផ្តល់អាហារូបករណ៍តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតក៏បានផ្តល់អាហារូបករណ៍តាមរយៈសមាគមអាហារូបករណ៍ និងសាកលវិទ្យាល័យផ្សេងៗផងដែរ ហើយក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនយ៉ាងច្រើនក្នុងមួយឆ្នាំៗ ជាអាទិ៍ក្រុមហ៊ុនបានបញ្ជួនបុគ្គលិកចំនួន២១នាក់ទៅសិក្សានៅប្រទេសអាល្លឺម៉ង់។
លើសពីនេះទៅទៀត ក្រុមហ៊ុនតែងតែចូលរួមចំណែកអភិវឌ្ឍប្រទេសលើវិស័យជាច្រើនដូចជា វិស័យព្រះពុទ្ធសាសនាដោយជួយកសាងវត្តអារាម វិស័យអប់រំ ដោយជួយកសាងសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសប្បុរសធម៌នានា ដូចជាជួយជាហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា សមាគមនានា ជួយដល់ជនរងគ្រោះដោយទឹកជំនន់ យុទ្ធជនដែលឈរជើងនៅតាមព្រំដែន និងមានរថយន្តពន្លត់អគ្គីភ័យនៅចាំជួយអន្តរាគមនៅក្នុងសហគមន៍៕