(កំពង់ឆ្នាំង)៖ លោកមេឃុំជាប់ឆ្នោតថ្មី ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំ និងធ្វើការអភិវឌ្ឍក្នុងឃុំជាបន្តទៀត។

លោក ប៉ាត់ គន មេឃុំជាប់ឆ្នោតថ្មី ក្នុងឃុំផ្លូវទូក របស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូកទាំងអស់ ដែលបានខិតខំដោយមិនគិតពីការនឿយហត់ និងបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកជាបេក្ខភាពឈឈ្មោះជាមេឃុំ បានធ្វើឲ្យឃុំផ្លូវទូកនេះទទួលបាន ៤អសនៈក្នុងចំណោម៥អាសនៈ។

ក្នុងនាមលោកជាមេឃុំជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាកិច្ចតបស្នងសងគុណ ដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា លោកនឹងខិតខំយកអស់ពីកម្លាំងកាយចិត្តបម្រើដល់ ប្រជាពលរដ្ឋក្នុងឃុំ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ជាគោលការណ៍របស់រដ្ឋបាលឃុំរបស់លោកជាចម្បងគឺយកចិត្តទុកដាក់ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយរកទីផ្សារលក់កសិផលកសិកម្ម មានដូចជា សណ្ដែក, ល្ង, ពោត, ស្រូវ, ។ល។ ពិសេសគឺធ្វើការអភិវឌ្ឍន៍ក្នុងឃុំ មានដូចជា ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ជាចុងក្រោយនេះ លោកមេឃុំ បានធ្វើការប្ដេជ្ញាចិត្ត បន្តដឹកនាំប្រជាពលរដ្ឋក្នុងឃុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីផ្ដល់ឧកាសជូនសម្ដេចនាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពដូចសព្វថ្ងៃ ហើយសុខសន្តិភាពនេះ នឹងមានតកូនតចៅជារៀងរហូត។

លោក ឈួន ប៊ុនឈឿន មេភូមិពាមខ្នង ក្នុងឃុំផ្លូវទូក តាមរយៈបណ្ដាញព័ត៌មាន Fresh News នេះផងដែរ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតជូនគណបក្ស៕