(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចមិនខ្វល់ថា មានសមាជិកសមាជិកាមកពីគណបក្សនយោបាយណាមួយ មកធ្វើជាក្រុមប្រឹក្សា ឃុំ/សង្កាត់ ជាមួយគណបក្សប្រជាជននោះទេ សំខាន់នោះគឺត្រូវរួមគ្នាធ្វើការ នឹងរួមគ្នាប្រឆាំងជំងឺកូវីដ១៩ទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ការទទួលសំលេង ៧៤% ហើយទទួលអសនៈប្រធានឃុំជាង ៩៩% ទទួលអសនៈសមាជិកក្រុមប្រឹក្សាចៅសង្កាត់ជាង ៨០% វាជាការគ្រប់គ្រាន់ណាស់ហើយសម្រាប់គណបក្សប្រជាជននោះ ហើយខ្ញុំមិនខ្វល់ថាមកពីគណបក្សណានោះទេ សូមរួមគ្នាធ្វើការទៅហើយប្រឆាំងកូវីដទាំងអស់គ្នា ព្រោះប្រសិនបើអត់ចូលរួមប្រឆាំងកូវីដ១៩ទេ អ្នកដែលស្លាប់គឺអ្នកដែលមិនព្រមអនុវត្តន៍ វិធានការសុខាភិបាលខ្លួនឯង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់បានប្រកាសលទ្ធផលផ្លូវការនៅឡើយទេ ហើយនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ បន្ទាប់ពីប្រកាសលទ្ធផលផ្លូវការ និងប្រការចំនួនអសនៈ ហើយនឹងប្រកាសអ្នកជាប់ឆ្នោតតែម្តង ស្របជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកចុះហត្ថលេខាដើម្បីឱ្យចូលកាន់ដំណែងផងដែរ។
ពាក់ព័ន្ធចំពោះរឿងវ៉ាក់សាំងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យមានវ៉ាក់សាំង ពណ៍សប្បុរនយោបាយ ហើយការព្យាបាលជំងឺទាំងអស់គឺកុំឱ្យមាន ពណ៍សប្បុរនយោបាយឱ្យសោះ, សម្តេចបានបញ្ជាក់ទៀតថា នឹងមានសមាជិកសមាជិកា មកពីគណបក្សនយោបាយនានាជាង ២ពាន់នាក់ នឹងមកចូលរួមធ្វើការ ជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជន នៅថ្នាក់ឃុំ សង្កាត់ ហើយមានគោលបំណងដូចគ្នាក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ និងការរក្សាស្ថេរភាពនយោបាយ ដែលសុទ្ធតែជាគោលបំណងរួមគ្នា គ្មានណាគេចផុតនោះទេ ដូចនេះហើយធ្វើយ៉ាងណាសុំកុំឱ្យការបោះឆ្នោតក្លាយជាការបែកបាក់ជាតិឱ្យសោះ។
គួរជម្រាបថា សម្រាប់លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅតាមឃុំសង្កាត់ ទូទាំងប្រទេស និងផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់ គ.ជ.ប ចំណែកលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕