(កំពត)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទមកពីប្រទេសថៃ និងកម្ពុជា បានរៀបចំបុណ្យមហាផ្កាប្រាក់សាមគ្គីដ៏ធំមួយ ក្នុងទិសដៅដើម្បីបានបច្ច័យកសាងព្រះវិហារ វត្តពារាណសី សិរីមង្គល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបាននឹងកំពុងដំណើរការកសាងរាល់ថ្ងៃ ជួបបញ្ហារខ្វះខាតថវិកា។
ពិធីនេះផ្តួចផ្តើមឡើងដោយព្រះគ្រូឥន្រ្ទិយធម្មញាណ ចាន់ វិសាល ជាព្រះអធិការវត្តពារាណសី សិរីមង្គល គង់នៅភូមិអូរកណ្តោល ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការរៀបចំពិធីនេះបានធ្វើឡើងនៅសណ្ឋាគារសុខា ឋានសួគ៌បូកគោ ខេត្តកំពត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។
តាមព្រះគ្រូឥន្រ្ទិយធម្មញាណ ចាន់ វិសាល មានសង្ឃដីកាឱ្យដឹងថា ពិធីបុណ្យដ៏ធំនេះ មានការនិមន្ត និងអញ្ជើញចូលរួមរបស់សង្ឃ និងពុទ្ធបរិស័ទគ្រប់ខេត្តក្រុង ក្នុងព្រះរាជាជាណាចក្រកម្ពុជា និងព្រះសង្ឃពុទ្ធបរិសទ្យពីប្រទេសថៃផងដែរ។
ព្រះគ្រូឥន្រ្ទិយធម្មញាណ ចាន់ វិសាល មានសង្ឃដីកាបន្តថា ព្រះសង្ឃនិមន្តពីប្រទេសថៃ ដឹកនាំដោយ ព្រះគ្រូសុី អនុគុណ ក្នុងស្រុកហួយថាប់ថាន់ ខេត្តសុីសាកេត និងដឹកនាំដោយព្រះមហេសកោ ហៅលោកតាសាវេង នៃក្រុងបាងកក និងដឹកនាំដោយព្រះមហា សំរ៉ាន នៃខេត្តឧប៊ុន។
ព្រះគ្រូឥន្រ្ទិយធម្មញាណ ចាន់ វិសាល មានសង្ឃដីកាថា ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីនេះ ទិសដៅដើម្បីបានបច្ច័យកសាងព្រះវិហារ វត្តពារាណសី សិរីមង្គល ដែលបាននឹងកំពុងដំណើរការកសាងរាល់ថ្ងៃ ជួបបញ្ហារខ្វះខាតថវិកា។ មួយចំណែកទៀត ជាការចូលរួមអភិវឌ្ឍន៍កសាងវត្តអារាមឱ្យបានរីកចម្រើន ក្នុងព្រះពុទ្ធសាសនា ជាសម្បត្តិមរតកជាតិ ក៏គឺជាការចូលរួមចំណែកអភិវឌ្ឍន៍
ជាមួយប្រមុខរាជរដ្ឋាភិបាល ជួយដល់សង្គមជាតិរបស់ខ្លួនឱ្យបានរីកចម្រើនថ្កើនថ្កានផងដែរ។
ព្រះគ្រូឥន្រ្ទិយធម្មញាណ ចាន់ វិសាល មានសង្ឃដីកាបញ្ជាក់ថា៖ ពិធីបុណ្យខាងលើ ក៏មានការប្រកាសសម្តែង ព្រះធម៌ទេសនាទាំង១៤គ្រែ ដើម្បីអប់រំឱ្យមនុស្សគ្រប់គ្នា៖
*១៖ ឱ្យធ្វើអំពើល្អ លុបបំបាត់ចោរកម្ម លួចប្លន់ ឆក់ដណ្តើមទ្រព្យសម្បត្តិអ្នកដទៃ នេះជាប្រការ១។
*២៖ ព្រះធម៌ទេសនា ទូន្មានឱ្យមនុស្សចេះអាណិតគ្នា មានមេត្តា មានគុណធម៌ មិនសម្លាប់ និងមិនបៀតបៀនគ្នា ចេះជួយសង្គ្រោះជីវិតដល់គ្នា។
*៣៖ អត្ថន័យធម៌ ឱ្យមនុស្សស្មោះស មានចិត្តបរិសុទ្ធល្អ មិនចាប់រំលោភសម្លាប់ជំរឹត មិនផិត មិនក្បត់ មានសតិចេះគិតពិចារណា។
*៤៖ បង្រៀនពោលស្តីរ មនុស្សមានតម្លៃពោលតែពាក្យពិត កាន់ធម៌សុច្ចរិត មនុស្សយកសម្តីរហេតុមិនគិត កុំប្រើជីវិតកុហកភូតភរ។
*៥៖ ត្រូវចាំឱ្យច្បាស់ ស្រវឹងច្រើនណាស់មនុស្សរាល់ថ្ងៃ ផឹកទឹកសុរា ទឹកប្តូរនិស្ស័យ ផឹកហើយមានន័យ វាយប្រពន្ធកូន ផឹកស្លាប់ទាំងខ្លួន ផឹកលែងដេកពួន លាចាកលោកា ព្រះពុទ្ធបានត្រាស់ព្រះធម៌ទេសនា ឈប់៥ប្រការ ហៅមានសីល៥៕