(រតនគិរី)៖ កម្លាំងនគរបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាង២០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ប្រភេទ Pfizer។

ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ បានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី អ៉ឹម ផានី ស្នងការស្តីទី នគរបាលខេត្តរតនគិរី ព្រមទាំងលោក, លោកស្រីជាស្នងការរង និងមន្ត្រីសុខាភិបាលខេត្តមួយចំនួនផងដែរ។

ឧត្តមសេនីយ៍ត្រី អ៉ឹម ផានី បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ដូសទី៥ ក្នុងថ្ងៃនេះមានកម្លាំងនគរបាលវរៈការពារព្រំដែនលេខ២០៣, ៦២៣ និងកម្លាំងតាមបណ្តាការិយាល័យចំណុះឱ្យស្នងការជាង២០០នាក់។

លោកថាកម្លាំងនគរបាលដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ដើម្បីបង្កើនភាពស៊ាំអាចជៀសផុតពីការឆ្លងឱ្យមានសុខភាពល្អធ្វើការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ត្រី អ៉ឹម ផានី តំណាងឱ្យកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តរតនគិរី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកងកម្លាំងនគរបាលជាតិ, មន្ត្រីរាជការ និងប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលល្អឥតខ្ចោះនៃផែនការ៕