(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណារួមគ្នា បន្តខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ ទប់ស្កាត់អតិផរណា និងត្រូវរក្សាឲ្យបាននូវកម្លាំងទិញនៃប្រាក់រៀលជាតិ ដើម្បីទប់ស្កាត់នឹងវិបត្តិសេដ្ឋកិច្ចសាកល ដែលកើតចេញពីវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។

សម្តេចតេជោបញ្ជាក់ថា ការពិតដែលនឹងកើតឡើងនៅពេលខាងមុខ គឺការថមថយចុះនៃសេដ្ឋកិច្ចសាកល រួមទាំងប្រទេសកម្ពុជាផងដែរ ហើយនៅពេលខាងមុខវិបត្តិស្បៀងអាហារ ក៏នឹងក្លាយជាវិបត្តិសាកល។

ការថ្លែងបែបនេះរបស់សម្តេចតេជោធ្វើឡើង នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវត្រៀមខ្លួនទទួលយកនូវការពិតមួយ គឺការថមថយនៃសេដ្ឋកិច្ច ដែលផ្តើមចេញពីវិបត្តិកូវីដ១៩ផង និងសង្គ្រោមនៅអ៊ុយក្រែនផង។ រឿងនេះដែលយើងទាំងអស់គ្នាត្រូវខិតខំ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល។ សេដ្ឋកិច្ចរបស់យើងទើបនឹងរើបៗ បន្ទាប់ពីកូវីដ១៩ ប៉ុន្តែមិននឹកស្មានដល់សោះថាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានចាប់ផ្តើមដាក់បន្ទុកទៅលើប្រទេសនានា លើពិភពលោក»

សម្តេចប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យមានការសន្សំសំចៃនូវចំណូលថវិកាជាតិ ដើម្បីត្រៀមទុកជាមុននូវសភាពការណ៍ ឬវិបត្តិផ្សេងៗ ដែលអាចកើតមានឡើង មិនអាចវាយតម្លៃដឹងមុន។

សម្តេចតេជោបានបញ្ជាក់ជាថ្មីថា បើទោះបីជាជួបនូវវិបត្តិកូវីដ១៩ជាង២ឆ្នាំ និងការចូលមកនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនក្តី ក៏ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មិនមានហានិភ័យនៃការដួលរលំនោះទេ ការនាំចេញរបស់កម្ពុជានៅដើមឆ្នាំ២០២២នេះ មានកំណើនគួរឲ្យគត់សម្គាល់ ខណៈវិស័យកសិកម្មមានការអតិរេកស្រូវ [ស្រូវលើស] មានការចិញ្ចឹមសត្វ ចិញ្ចឹមត្រីដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជន។

សម្តេចតេជោបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះនូវវិបត្តិថាមពល ដោយសារការកើនឡើននៃតម្លៃប្រេង ហើយនាពេលខាងមុខនះវិបត្តិស្បៀងនឹងកើតឡើងសម្រាប់សាកលលោក ដោយសារតែជង្រុកស្រូវសាលីពិភពលោក គឺស្ថិតនៅប្រទេសរុស្ស៉ី និងអ៊ុយក្រែន, អ៊ុយក្រែនខ្ទេចខ្ទាំដោយសង្គ្រាម រុស្ស៉ីរងទណ្ឌកម្ម មិនអាចនាំចេញបាន។

សូមជម្រាបថា ធនាគារពិភពលោកទើប ចេញផ្សាយរបាយការណ៍ព្យាករសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាថា នៅឆ្នាំ២០២២នេះនឹងមានកំណើន ៤.៥% និងឆ្នាំ២០២៣ កើនត្រឹម៥.៨% ខណៈរាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចនឹងកើតឡើង៥.២ភាគរយ សម្រាប់ឆ្នាំ២០២២។

សម្រាប់ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) វិញ ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង៥.៣% ក្នុងឆ្នាំនេះ និង៦.៥% ក្នុងឆ្នាំ២០២៣ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថាកើនឡើងរង្វង់ ៥.១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦.២%៕