(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា មានករណីបង្កហិង្សាដោយចេតនាចំនួន០២ករណី ដោយជនបង្កបានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិន២នាក់ឲ្យរងរបួស ដោយគ្មានមូលហេតុ។

បើតាមលោកអធិការក្រុង ករណីទី១ បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០៖៣១នាទីយប់ ដោយជនសង្ស័យមានគ្នា២នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ជិះម៉ូតូមួយគ្រឿងម៉ាកហ្ស៊ូមម៉ឺអិច ពណ៌ ក្រហមលាយស ដោយបានធ្វើសកម្មភាពកាប់ជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ និងបំរើការងារក្នុងកាស៊ីណូ ហ្វូនិក បណ្តាលឲ្យរងរបួស។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា ដោយករណីទី២ កើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០៖៣២នាទីយប់ បង្កឡើងដោយជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពកាប់ទៅលើ ជនជាតិចិនម្នាក់ទៀតឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅនិងបំរើការងារក្នុង សណ្ឋាគារ ជីវចូវ បណ្តាលឲ្យរងរបួស។

សម្រាប់ករណីនេះ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួន ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងជំនាញ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ហើយឈានដល់កំណត់បានមុខសញ្ញា។

លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០៖១៥នាទីយប់ កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត មានឈ្មោះ៖
*ទី១៖ ឈ្មោះ តឿ ចំរើន ហៅម៉ឺន អាយុ១៧ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត
*ទី២៖ ឈ្មោះ ជា លីហួត ហៅហួត អាយុ១៦ឆ្នាំ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។ ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបានដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ១គ្រឿងម៉ាកហ្សូមមឺអ៊ិច ពណ៌ស-ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-9446 ដែលជិះធ្វើសកម្មភាព។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិននោះ ពិតប្រាកដមែន ដោយសារតែគេខឹងសង្សារបែកចិត្តមានថ្មី (ខ្មែរដូចគ្នា) ទើបធ្វើឲ្យគេមួរម៉ៅក៏កាប់ជនជាតិចិនដែលកំពុងដើរនោះទៅ។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕