(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានថ្លែងថា កន្លងមកតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែង ចំនួន៨០។

លោកថ្លែងឲ្យដឹងបែបនេះក្នុងឱកាសដែលលោក និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។

ក្រោមក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត។

ប្រមុខការទូតកម្ពុជា បានថ្លែងថា «រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែងចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ»

លោកបន្តថា «ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦មក មូលនិធិពិសេសនេះបានផ្ដល់នូវលទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។ យើងបានបង្រួមគម្លាតនៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរ-ទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង ទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ»

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តរួមចំណែក និងការគាំទ្រ របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា នៅខែក្រោយ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ហើយភាគីទាំងអស់ នឹងបន្តរិះរកគ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ៕