(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន ក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្ត អង្គការ Wildlife Alliance និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅម៉ោង ១២៖២៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃ នៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីតាំងកើតហេតុបានឲ្យដឹងថា សាច់សត្វព្រៃដែលរកឃើញ និងដកហូតបានរួមមាន៖ ជ្រូកព្រៃ ៧៧,៥គីឡូក្រាម, ឈ្លូស៥៨គីឡូក្រាម, ឆ្មាដាវ១ក្បាល ស្មើនឹង១គីឡូក្រាម, ត្រកួត៧គីឡូក្រាម, កាំប្រម៉ា៥គីឡូក្រាម, អន្សង៥គីឡូក្រាម, ទន្សាយ២២ក្បាលស្មើនឹង២៧គីឡូក្រាម, ជើងទន្សាយក្រៀម៤២ជើង, ពស់សង់សឿ១,៥គីឡូក្រាម សរុប១៨២គីឡូក្រាម។
វត្ថុតាងសាច់សត្វព្រៃសរុបទាំង ១៨២គីឡូក្រាម នឹងយកទៅកំទេច ឬកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។ ជាមួយគ្នានេះ សមត្ថកិច្ចចំរុះកំពុងស្រាវ រកអ្នកពាក់ព័ន្ធបទល្មើសនេះ ឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់ផងដែរ៕