(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង សហការជាមួយសមាគមប្រឹក្សាសុខភាពប្រជាជន នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២នេះ បានចុះធ្វើសកម្មភាពបំពាក់ ដៃ ជើង សប្បនិម្មិត ជូនជនពិការនៅខេត្តព្រះវិហារ និងខេត្តជាប់ជាមួយខេត្តព្រះវិហារ ដោយឥតគិតថ្លៃ នៅទីស្នាក់ការរដ្ឋសភាមណ្ឌលព្រះវិហារ ក្រោមការសម្របសម្រួលពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ តំណាងលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ ពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ជូនចំពោះបងប្អូនជនជនពិការ ដែលបានធ្វើដំណើរមកកាន់មណ្ឌលតំណាងរាស្ត្រ ទទួលសេវាសុខភាពនៅព្រឹកនេះ។
លោក គង់ ពុទ្ធិការ បានថ្លែងថា បញ្ហាសង្គ្រាមបានបង្កផលលំបាកដល់ប្រជាជន មិនត្រឹមតែអំឡុងពេលសង្គ្រាមនោះទេ ប៉ុន្តែបញ្ហាក្រោយសង្រ្គាមក៏នៅតែផ្តល់ការលំបាកដល់ប្រជាពលរដ្ឋ។ លោកថាសង្ក្រាមស៊ីវិលរយៈពេល៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចទេ ប៉ុន្តែប្រជាជនស្ទើរតែគ្រប់ក្រុមគ្រួសារត្រូវបានបាត់បង់សមាជិកក្រុមគ្រួសារ និងរងផលប៉ះពាល់ពិការភាពដោយសង្គ្រាម។
លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា៖ «ខេត្តព្រះវិហារ គឺជាខេត្តមួយចុងក្រោយគេដែលទទួលបានសន្តិភាពពីគោលនយោបាយសមាហរណកម្មរបស់សម្តេចតេជោ ហ៊ុន សែន។ ឆ្នាំ២០១១ យើងមានប្រព័ន្ធផ្លូវតភ្ជាប់ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ បើមុនឆ្នាំ២០១១ យើងធ្វើដំណើរពីភ្នំពេញ មកខេត្តព្រះវិហារ បើនៅខែវស្សាវិញ អាចប្រើពេលពី៣ថ្ងៃ ទៅ៥ថ្ងៃ លោកថាដោយសារសន្តិភាពទើបយើងមាននូវហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនអាចប្រកបមុខរបរ បានដូចសព្វថ្ងៃ ចំណែកកាកសំណល់សល់ពីសង្រ្គាមដូចជា គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែជាឃាតករមួយដ៏សាហាវដែលបានបំផ្លាញនូវក្តីសង្ឃឹម របស់ប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃរហូតមកដល់បច្ចុប្បន្ននេះ»។
លោក គង់ ពុទ្ធិការ បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង នៅពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ក្រុមគ្រូពេទ្យស្ម័ក្រចិត្តទាំងអស់នឹងផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ ជំនាញជើង ដៃ សប្បនិម្មិតដែលមានគុណភាពខ្ពស់ ដែលបានសិក្សាដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង លោកជឿជាក់ថាបងប្អូនជនពិការ អាចប្រើប្រាស់ដើម្បីប្រកបរបរទទួលទានប្រចាំថ្ងៃបានងាយស្រួល និងអាចលើកកម្ពស់ការធ្វើដំណើរបានល្អប្រសើរ។
សូមបញ្ជាក់ថា វត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកកាំង នៅលើទឹកដីខេត្តព្រះវិហារ នៅពេលនេះនឹងធ្វើការបំពាក់ ដៃ ជើង សប្បនិម្មិត ជូនជនពិការយើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋសភាមណ្ឌលព្រះវិហារ ពេលព្រឹកចាប់ពីម៉ោង៧.០០នាទីដល់ម៉ោង១១.៣០នាទី និងពេលរសៀលចាប់ពីម៉ោង២.០០នាទីដល់ម៉ោង៥.០០នាទី៕