(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ដំណឹងនេះត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី២០នេះ គឺខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលនឹងត្រូវធ្វើខួបអនុស្សាវរីយ៍ ដែលនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជា ជួបគ្នានៅតាមព្រំដែន»

សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីកាប់សម្លាប់របស់ខ្មែរក្រហម។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។

ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។

បច្ចុប្បន្ននេះនៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម។

សូមបញ្ជាក់ដែរថា កាលពី៤៥ឆ្នាំមុន ពោលគឺនៅវេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស២៥២១ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទុកចិត្តចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការគាំទ្រផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីដំណើរតស៊ូប្រកបដោយគ្រោះថ្នាក់កាលពី ៤៥ឆ្នាំមុននោះហើយ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជា ឱ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និងប្រជាជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិសេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះ ជាពិសេសអង្គការសហប្រជាជាតិ បានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើលមិនឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិនាំគ្នាងើបប៉ះបោររំដោះជាតិឡើងទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុលពត នោះឡើយ៕