(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ថាក្រោយពីមានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ ស្ដីពីសកម្មភាពចោរគាស់ផ្ទះ និងកាច់កម៉ូតូជាច្រើន ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មតាមមូលដ្ឋាន ហើយជាក់ស្ដែង នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងរបស់លោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថា មានចោរលួចគាស់ផ្ទះយកម៉ូតូពីរគ្រឿង មួយម៉ាកNex និងម៉ាកវេវ ខណៈពេលដែលជនរងគ្រោះទៅធ្វើការអស់។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលរបស់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ និងស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៥នាក់ ខណៈពេលដែលពួកគេកំពុងរត់។
លោក យឹម សារ៉ាន់ បានបន្ដថា ជនសង្ស័យទី១ឈ្មោះ សួន ពិសិដ្ឋ អាយុ២២ឆ្នាំ ទី២ឈ្មោះ មិន បុរី អាយុ២២ឆ្នាំ ទី៣ឈ្មោះ ញឹម ធាន អាយុ២០ឆ្នាំ ទី៤ឈ្មោះ ចាន់ ណាវីន ភេទស្រី អាយុ២០ឆ្នាំ និងទី៥ឈ្មោះ ពេច ស្រីយ័ន អាយុ២០ឆ្នាំ ជនសង្ស័យទាំងអស់ នេះស្នាក់នៅផ្ទះជួលជាមួយគ្នា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បច្ចប្បន្នជនសង្ស័យទាំង៥ ត្រូវឃុំខ្លួននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕