(ភ្នំពេញ)៖ បើទោះបីនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីចាក់ស្រាចលើប្រជាពលរដ្ឋដើម្បីកាពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទទួលបានជោគជ័យយ៉ាងណាក្ដី តែក្រុមអ្នកប្រឆាំងតែងតែមានគំនិតពុតត្បុតទុច្ចរិតលើនយោបាយមួយនេះ។

គំនិតទុច្ចរិតរបស់ក្រុមអ្នកប្រឆាំងទាំងនោះ ត្រូវបានលាតត្រដាងដោយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គំនិតទុច្ចរិតរបស់ក្រុមនោះ ដំបូងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅទទួលវ៉ាក់សាំង ដោយលើកហេតុផលថា វ៉ាក់សាំងរបស់ចិន ចាក់ទៅអាចមានបញ្ហាដល់សុខភាព ក្រោយមកពួកគេបានបំផុសទៀតថា វ៉ាក់សាំងមិនអីទេ និងរុញឲ្យប្រជាពលរដ្ឋទៅដណ្ដើមចាក់វ៉ាក់សាំង គ្រាដែលពេលនេះកម្ពុជា កំពុងខ្វះចាក់វ៉ាក់សាំង។

យ៉ាងណាក៏ដោយ ភាពពិសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងលើការចាក់វ៉ាក់សាំងត្រូវបរាជ័យ ព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល។ នេះបើតាមអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចទាំងអស់យើងបានមើលឃើញ ដំបូងគេរាំងស្កាត់ បន្ទាប់ពីរាំងស្កាត់គេបំផុសឲ្យមនុស្សទៅទទួលវ៉ាក់សាំង ក្នុងពេលយើងខ្វះវ៉ាក់សាំង រឿងពិតយ៉ាងដូច្នេះ កុំឃើញគេថាទៅចាក់ទៅថាជាគំនិតល្អមិនមែន។ ខ្ញុំបានវាយតម្លៃទុកជាមុន ខ្ញុំវាយតម្លៃត្រូវ២អាទិត្យមុន នៅពេលចលនាទៅទទួលវ៉ាក់សាំងភ្លាម ខ្ញុំថាបន្ដិចទៀតនឹងមានអ្នកនិយាយថាសូមទៅទទួលវ៉ាក់សាំង ព្រោះពេលណុងយើងកំពុងខ្វះវ៉ាក់សាំង»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ឧបាយកលរបស់អ្នកដទៃ គឺរឿងមួយ តែអ្វីដែលជារឿងសំខាន់ គឺសិល្បៈនៃការចាត់ចែងរបស់យើងនៅទីនេះ។ កម្ពុជា មានបទពិសោធន៍មួយដែលល្អ គឺបទពិសោធន៍នៃការចាក់វ៉ាក់សាំង។ ចាក់អត់យកលុយ ចាក់មិនរើសមុខ ចាក់មិនរើសសញ្ជាតិ ចាក់មិនរើសសាសនា បរទេសនៅលើដីខ្មែរទាំងប៉ុន្មានចាក់ខ្ទេចទាំងអស់»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែបន្ដអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ។ ពោលគ្រប់និន្នាការនយោបាយសុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយប្រជាពលរដ្ឋជឿបក្សនយោបាយ ឬសាសនាណា សម្តេចមិនខ្វល់នោះទេ អ្វីដែលខ្វល់ គឺការការពារអាយុជីវិតប្រជាពលរដ្ឋ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក៏បានបង្ហាញអំពីតួលេខវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាមាននៅក្នុងឃ្លាំងជាង១១លានដូស ខណៈវ៉ាក់សាំងប្រមាណជាង២០លានដូសបន្ថែមទៀត ត្រៀមបញ្ជូនមកកម្ពុជាជាបន្ដបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅបង្កើននូវការកងការពារជំងឺដ៏កាចសាហាវមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងដែលនៅក្រៅប្រទេស ប្រមាណជាង២០លានដូស ហើយត្រៀមបញ្ជូនមកកម្ពុជានោះ រួមមាន នៅប្រទេសចិន ចំនួន១៥លានដូស, នៅសហរដ្ឋអាមេរិក ចំនួន៥.៥លានដូស និងប្រទេសអូស្ដ្រាលី ចំនួន៥សែនដូស។ វ៉ាក់សាំងនេះ ត្រៀមសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣៕