(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនាថ្មីៗនេះ។

ការថ្លែងអំណរគុណបែបនេះ របស់សម្តេចតេជោ ហ៊ុ ន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែយកពេលនេះ អរគុណចំពោះប្រជាជនកម្ពុជា ជាង៨០ភាគរយ នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយបានទៅបោះឆ្នោតប្រកបដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាពខាងនយោនាយ សេរី និងយុត្តិធម៌ ទោះបីអ្នកណាថាម៉េចក៏ថាទៅ ប៉ុន្តែការជាក់ស្តែងវាបានបង្ហាញមកអញ្ចឹង កម្ពុជាហែក្បួនអត់មានការប៉ះទង្គិត គប់គ្នា វ៉ៃគ្នា ជេរបញ្ចោរគ្នាក៏អត់មាន...!»

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានរំឮកថា បើទោះបីមានករណីគប់គ្រាប់បែកកែច្នៃមួយនៅទីរួមខេត្តសៀមរាប ដោយសារតែមានគុំនុំនឹងគ្នា ដូច្នេះ ចំពោះករណីនេះវាអត់មានទំនាក់ទំនងលើដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ។ ចំពោះករណីនេះ បើទោះបីមិនមានដំណើរការបោះឆ្នោត ក៏បញ្ហានេះវានឹងកើតឡើងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គឺមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយក្នុងនោះគ្រប់គណបក្សនយោបាយសុទ្ធតែទទួលបានសំលេងគាំទ្រទាំងអស់ ទោះតិចក្តី ច្រើនក្តី។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន «ខ្ញុំអរគុណប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួន នោះគឺសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់គណៈកម្មការគ្រប់គ្រងសន្តិសុខការពារការបោះឆ្នោត ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើកិច្ចការដ៏ល្អ សម្រាប់ដំណើរនៃការបោះឆ្នោត ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ក្រោមការបញ្ជា និងចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប)។

ចំណុចនេះប្រមុនៃរាជរដ្ឋាភិបាលម្ពុជា បានបញ្ជាក់ថា៖ «ដែលចំណុចបានបង្ហាញយ៉ាងច្បាស់ពីភាពចាស់ទុំខាងនយោបាយ នៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់របស់កម្ពុជា ព្រោះកម្ពុជា កំណត់មិនតិចជាង៦ខែ ដែលខ្ញុំចុះហត្ថលេខា លើអនុក្រឹត្យព្រោះច្បាប់កំណត់ថា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវប្រកាសមុនយ៉ាងតិច៦ខែ អញ្ចឹងគណបក្សនយោបាយនានាបានត្រៀមខ្លួនអស់ហើយ សម្រាប់ការចូលរួមបោះឆ្នោតរយៈពេល៦។ ប្រទេសកម្ពុជា ខុសពីប្រទេសដទៃ សូមមើលឱ្យច្បាស់ បើគេមិនទាន់យល់គួរគេស្វែងយល់ឱ្យច្បាស់ តើប្រទេសនេះដំណើរការប្រជាធិបតេយ្យយ៉ាងម៉េច?»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំដំណើការបោះឆ្នោតបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សម្តេចចាត់ទុកការបោះឆ្នោតរបស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍ។

គួរជម្រាបថា សម្រាប់លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅតាមឃុំសង្កាត់ ទូទាំងប្រទេស និងផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់ គ.ជ.ប ចំណែកលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕