(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធយកឈ្នះលើសមរភូមិកូវីដ១៩ បានថ្លែងថា តាមរយៈនៃវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រយៈពេល២ឆ្នាំមកនេះ គឺដើម្បីតែសេចក្តីសុខរបស់ប្រជាជន។

វិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសនៅព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១ រួមមាន ដោយមានការបិទខ្ទប់ទីក្រុង វិធានាការចាក់វ៉ាក់សាំង រួមទាំងការឧបត្ថម្ភប្រាក់ ជូនប្រជាពលរដ្ឋជាង៣លាននាក់ជាដើម។

ការថ្លែងយ៉ាងដូច្នេះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

សម្តេចតេជោបានថ្លែងបន្តថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កម្ពុជាបានរៀនសូត្រច្រើនពីវិបត្តិកូវីដ១៩ ហើយចាត់ទុកជាភាពជោគជ័យរបស់កម្ពុជា ដែលគ្រប់គ្រងលើជំងឺរាតត្បាតកូវីដ១៩ បានយ៉ាងល្អទាំងរាជរដ្ឋាភិបាល និងប្រជាជនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីយកឈ្នះលើសមរភូមិកូវីដ១៩ តាមរយៈវិធានការរបស់បុគ្គលម្នាក់ និងវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល រួមទាំងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាបានយកឈ្នះលើសមរភូមិកូវីដ១៩ ទាំងសមរភូមិដែលតា សមរភូមិអាល់ហ្វា និងសមរភូមិអូមីក្រុង ប៉ុន្តែមិនទាន់យកឈ្នះសង្គ្រាមកូវីដ១៩នៅឡើយនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកផងដែរថា បើនិយាយពីពេលនេះឆ្នាំទៅ គឺរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការបន្ទាន់ខ្លាំង គឺការពន្លឿនការរៀបចំក្តាមឈូស ព្រោះតែពេលនោះអត្រាស្លាប់មានកម្រិតខ្ពស់។ ប៉ុន្តែសម្រាប់ពេលនេះ ដោយសារតែវិធានការចាំបាច់ ចាំគោលដៅរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាជនគ្រប់រូប ធ្វើឲ្យកម្ពុជាអាចបើកសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ តាមបែបគន្លងថ្មី។

សម្តេតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «វិធានការរបស់រាជរដ្ឋាភិបាលនៅពេលនោះ [ឆ្នាំមុន] គឺដើម្បីពេលនេះឯង [បើសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ] ដែលពេលនោះរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទទីក្រុងភ្នំពេញ តាខ្មៅ ខេត្តព្រះសីហនុ បន្ទាប់ទៅយើងក៏បានដាក់ចេញនូវការបិទខ្ទប់តាមគោលដៅ ដែលមានការបែងចែកជាតំបន់ក្រហម និងពណ៌ផ្សេងៗ។ ការបែងចែកតំបន់ទាំងនេះ ឬការដាក់ចេញវិធានការទាំងឡាយ គ្មានអ្វីក្រៅពី សេចក្តីសុខរបស់ប្រជាជននោះទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពីពេលនេះដល់២ ឬ៣ឆ្នាំខាងមុខ ប្រធានបទនៃជំងឺកូវី១៩ នៅតែជាបញ្ហាសាំញាំ និងស្មុគស្មាញ ព្រោះកូវីដ១៩ មិនទាន់ចប់ទេ ហើយក៏មិនទាន់ទៅណាឆ្ងាយពីប្រជាជន ដែលទាមទារឲ្យបន្តប្រុងប្រយ័ត្នខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ។ ពោលគ្រប់និន្នាការនយោបាយសុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្តេចបញ្ជាក់ថា ទោះប្រជាពលរដ្ឋជឿបក្សនយោបាយ ឬសាសនាណា សម្តេចមិនខ្វល់នោះទេ អ្វីដែលខ្វល់ គឺការការពារអាយុជីវិតប្រជាពលរដ្ឋ។

សូមជម្រាបថា ដោយសារតែវិធានការចាំបាច់ និងចាំគោលដៅរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធនាការស្រោចវ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានធ្វើឲ្យកម្ពុជា បើកប្រទេសធម្មតាឡើងវិញ ខណៈអ្នកឆ្លងដោយសារជំងឺកូវីដ១៩ នៅកម្ពុជាមិនមាននោះទេ ក្នុងរយៈពេលជាង១ខែមកនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,២០៦នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់។ ចំណែកប្រជាជនទទួលវ៉ាក់សាំងសរុបចំនួន ១៥,០៥៦,៥៨០នាក់ ស្មើនឹង៩៤.១០ភាគរយនៃប្រជាជន១៦លាននាក់៕