(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
យោងតាមរបាយការណ៍បានឱ្យដឹងថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនៅថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។
សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន ១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន ១៦០នាក់។
សាលាភូមិន្ទរដ្ឋបាល គឺជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់មន្ត្រីរាជការ។ សាលាភូមិន្ទរដ្ឋបាល បានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ពេលបច្ចុប្បន្នសាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលសិស្សបានចំនួន ១៦,៦០៦នាក់ ក្នុងនោះមាននារី ៣,៨០៧នាក់ ស្មើនឹង ២៣ភាគរយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែឆ្លៀតឱកាសពីការងារដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល រាល់ពេលពួកគេបញ្ចប់ការសិក្សា។ ការអញ្ជើញចែកសញ្ញាបត្រនេះ ក្រៅតែពីការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់មន្ត្រី ដែលបានបញ្ចប់ការសិក្សាហើយនោះ ក៏ជាឱកាសសម្តេចបានផ្តល់នូវដំបូន្មាន អនុសាសន៍ និងការផ្តាំផ្ញើមួយចំនួន ដើម្បីឱ្យពួកគេក្លាយទៅជាមន្ត្រីប្រតិបត្តិការងារបានល្អក្នុងការបម្រើជាតិ និងប្រជាជន សមជាមន្ត្រីដែលទទួលប្រាក់បៀវត្សរ៍ពីរដ្ឋ និងប្រជាជន៕