(ភ្នំពេញ)៖ លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ បានថ្លែងថា បើនិយាយអំពីសង្គមខ្មែរយើង ហើយនិយាយអំពីសន្ដិភាពដែលសម្ដេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧបសគ្គនាំយកមកវិញជូនជាតិមាតុភូមិដ៏បវរនៃយើង បន្ទាប់ពីត្រូវបាត់បង់អស់រយ:ពេលប្រមាណ៥០០ឆ្នាំ ក្រោយពីការធ្លាក់ចុះនៃអារ្យធម៌អង្គរកន្លងមកនេះ។
អ្នកជំនាញអារ្យធម៌ខ្មែរ កំពុងស្រាវជ្រាវ នឹងបោះពុម្ពសៀវភៅ «សន្ដិភាព» ជាម្ដុដរបស់ព្រះនគរខ្មែរ ព្រោះលោកយល់ថាបើខេមរជនខ្មែរថែរក្សាបាន «សន្ដិភាព» ដ៏ប្រពៃថ្លៃថ្លាដែលមានស្រាប់នេះ បានឋិតថេរគង់វង្សនោះគឺខ្មែរនិងខ្លំាងម្ដងទៀត។
ដោយហេតុថា «សន្ដិភាព»នេះ បើពោលនៅក្នុងប្រវត្ដិសិល្បះខ្មែរក៏ដូចជាប្រវត្ដិសិល្ប:ក្រិក-រ៉ូមុំាង និងសាសនាធំៗលើពិភពលោក តួយ៉ាងដូចជាសាសនាហិណ្ឌូ ព្រះពុទ្ធ គ្រិស្ដ និងឥស្លាមជាដើម គឺ«សន្ដិភាព» ដែលគេចាត់ទុកជាទេពមួយសំខាន់ខ្លាំងណាស់ហៅថា «ទេពនៃសន្ដិភាព» គឺមានមុខងារគ្រប់គ្រងរក្សានិងផ្ដល់សេចក្ដីសុខសាន្ដត្រាណដល់សង្គមមនុស្សជាតិ។ អ្នកជំនាញអារ្យធម៌ខ្មែរ បន្ដថាស្ថិតក្នុងន័យនេះ បើយើងនិយាយអំពីប្រវត្ដិសិល្បះខ្មែរ យើងឃើញប្រាង្គប្រាសាទបាយ័នដែលបុព្វបុរសខ្មែរយើង បានយកថ្មមានទំហំធំៗ មករចនាជារូបទេព ឬបុព្វការីជនខ្លួន មានព្រះភ័ក្ត្របញ្ចេញនូវស្នាមញញឹមដោយសន្ដិភាព ទៅកាន់មនុស្សជាតិមកពីគ្រប់ទ្វីបលោកយ៉ាងស្រស់ត្រកាល។ ស្ថិតត្រង់ន័យនេះហើយ បានជាសង្គមខ្មែរយើងតាំងពីបុរាណរៀងមក បើនរណាម្នាក់មានចិត្ដខន្តីអត់ធ្មត់ ចេះរួបរួមគ្នា គេតែងពោលនិងមានការកោតសសើរដល់អ្នកនោះ ថាមានចិត្ដធ្ងន់ដូចព្រះ។
រីឯក្នុងប្រវត្ដិសិល្ប:ក្រិក-រ៉ូមុំាងបុរាណវិញក៏ដូច្នេះដែរ គឺ «សន្តិភាព» ជាទេពមួយសំខាន់ខ្លាំងណាស់ សំដៅដល់ Pax ដែលជាពាក្យទ្បាតំាង ជាភាសា អង់គ្លេសគឺ «Peace-សន្ដិភាព» គឺសំដៅដល់ទេព Eirene ( Eἰρήνη) ជា «ទេពនៃសន្តិភាព» គឺជាទេពអោបកូន នៅដៃឆ្វេង មានប្រវត្ដិរវាងឆ្នាំ៣៧៥មុនគ.ស. មានមុខងារគ្រប់គ្រងរក្សានិងផ្ដល់សេចក្ដីសុខសាន្ដត្រាណដល់សង្គមជាតិ ហើយត្រូវបានប្រជាជនក្រុងអាថែន គោរពបូជាយ៉ាងវិសេសវិសាលបំផុត។
ស្ថិតក្នុងប្រព័ន្ធជំនឿ «សន្ដិភាព» ជាទេពនេះហើយ បានជានៅក្នុងប្រពៃណីពួកស្បែកស ជាភាសាអង់គ្លេស Peace ពាក្យថា «សន្តិភាព» ត្រូវបានប្រើប្រាស់ជាការលាគ្នាក្នុងលក្ខណះពិសេសបំផុតក្នុងដំណើរចុងក្រោយសម្រាប់អ្នកស្លាប់ «RIP - Rest In Peace» សម្រាកដោយសន្តិភាព ក្នុងឋានមួយដ៏ស្ងប់សុខ។ បានសេចក្ដីថា «សន្ដិភាព» គឺជាគំនិតសម្រែក វិញ្ញាណសួគ៌របស់អ្នកស្លាប់ក្នុងសមរភូមិ ដែលផ្ទុះឡើងដោយសង្គ្រាមក៏ជាថ្ងៃសម្រាកនៃអ្នកស្លាប់ដោយភាពស្ងប់ស្ងាត់ក្នុងឋាន «ទេពនៃសន្ដិភាព»។
ដោយឈរលើប្រវត្ដិសិល្ប:ក្រិក-រ៉ូមុំាងនេះ មានអ្នកប្រាជ្ញជាច្រើនបានសិក្សាអំពីសារ:សំខាន់ «ទេពនៃសន្តិភាព» ក្នុងគោលបំណងស្វែងរកពីមូលហេតុ សង្គ្រាម និងសន្តិភាព សម្រាប់មនុស្សក្នុងពិភពលោកទាំងមូល ដោយមិនគិតពីពណ៌សំបុល ពូជសាសន៍ ជំនឿ សាសនា រហូតចុងសតវត្សរ៍ទី១៩ ឈានដល់ការបង្កើតពានរង្វាន់ណូបែល «សន្តិភាព» សម្រាប់«សន្តិភាព» អន្តរជាតិ និងឧត្តមគតិកីទ្បាអូឡាំពិកទៀតផង។
នេះសបញ្ជាក់ឲ្យយើងឃើញថា តាំងពីបុរាណតរៀងមក «សន្តិភាព» គឺជាគំនិតផ្សះផ្សាគ្នា សំដៅដល់អវត្ដមាននៃសង្រ្គាម អវត្តមាននៃការសម្លាប់រង្គាល និងភាពស្ងៀមស្ងាត់នៃអាវុធ អវត្តមាននៃអរិភាព ហើយធ្វើឲ្យស្រុកទេសមានភាពសុខដុមរមនា ផ្ដល់នូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការរវាងជាតិនិងប្រជាជាតិ និងមានអត្ថប្រយោជន៍ជាមូលដ្ឋានដល់វឌ្ឍនភាពនៃអរិយធម៌។
ត្រង់នេះហើយ បានជាក្រោយសង្រ្គាមលោកលើកទី២ បន្ទាប់ពីការបង្កើតអង្គការសហប្រជាជាតិនាឆ្នាំ១៩៤៥មក ពិភពលោកបានកំណត់យកថ្ងៃទី២១ វិច្ឆិកា ជាថ្ងៃបុណ្យ«សន្ដិភាព» សម្រាប់មនុស្សជាតិលើភពផែនដីទាំងមូល។
អ្នកជំនាញអារ្យធម៌ខ្មែរបានបន្ដទៀតថា ស្ថិតក្នុងប្រព័ន្ធជំនឿ «សន្ដិភាព» ជាទេពមួយដ៏សំខាន់យ៉ាងនេះហើយ ទើប «សន្ដិភាព» បានបង្ហាញ និងលាតត្រដាងឲ្យយើងបានឃើញយ៉ាងច្បាស់ដោយមិនមានភាពស្រពិចស្រពិលពីគុណតម្លៃទំាងផ្លូវលោកនិងទាំងផ្លូវធម៌ដូចជា៖
១៖ អំពីផ្លូវលោក «សន្ដិភាព» គឺជា «ទេពនៃសន្ដិភាព» ជាអវត្ដមាននៃសង្រ្គាម ជានិមិត្តសញ្ញានៃភាពសុខដុមរមនារបស់មនុស្សជាតិ ដែលអនុញាតិឲ្យសង្គមជាតិនិមួយៗមានឱកាស់បានកសាងនិងស្ថាបនាឡើងវិញគ្រប់រចនាសម្ព័ន្ធសង្គម ដើម្បីជាតិរបស់ខ្លួនរៀងៗខ្លួន។
២៖ ផ្លូវសាសនា «សន្ដិភាព» គឺជាគោលការណ៍គ្រឹះនៃជំនឿសាសនាធំៗ លើពិភពលោក តួយ៉ាង៖
* សាសនាហិណ្ឌូ «សន្តិភាព» មានដល់មេឃា បរិយាកាស ទឹកដីជាគ្នា គឺជាអ្វីៗទាំងអស់នៅក្នុងសកលលោកមាន «សន្តិភាព» សូមឲ្យខ្ញុំទទួលបាននូវ «សន្តិភាព» ក្នុងចិត្តរបស់ខ្ញុំផ្ទាល់។
* ព្រះពុទ្ធចាត់ទុកថា ទុក្ខទាំងអស់កើតចេញពីសេចក្តីលោភ: ឬ សេចក្តីវង្វេងអសីល ព្រះពុទ្ធសាសនា ពុទ្ធសាសនិកមានជំនឿថា «សន្តិភាព» អាចទទួលបាននៅពេលណាដែលទុក្ខទាំងអស់ត្រូវបានបញ្ចប់។
* ព្រះយេស៊ូ ព្យាការីនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតថា ការផ្ដល់ការសង្រ្គោះពីអំពើបាបរបស់គ្រិស្តបរិស័ទដោយសារសេចក្តី មេត្តា ករុណា របស់ព្រះដែលពេលថ្ងៃរះពីទីខ្ពស់មកកាន់ គ្រិស្តបរិស័ទ ដើម្បីបំភ្លឺអ្នកដែលអង្គុយក្នុងទីងងឹត និងស្រមោលនៃសេចក្តីស្លាប់ ដើម្បីដឹកនាំ ផ្លូវគ្រិស្តបរិស័ទទៅរកផ្លូវនៃ «សន្តិភាព»។
* សាសនា ឥស្លាម As-salamu alaykum គឺជាការស្វាគមន៍នៅពេលដែលជួបគ្នា ជាភាសាអារ៉ាប់ ដែលមានន័យថា «សន្តិភាព» ដល់អ្នក សាឡឹម មានន័យថា «សន្តិភាព»។
* សាសនាយូដា ប្រពៃណីសាសនាយូដាភ្ជាប់ដោយផ្ទាល់ជាមួយព្រះ និង«សន្តិភាព» ដូចដែលបានបង្ហាញដោយគោលការណ៍ និងច្បាប់ផ្សេងៗនៅក្នុងសាសនាយូដា។ Shalom ដែលជាភាសាហេព្រើរព្រះគម្ពីរ និងសម័យទំនើបសម្រាប់ «សន្តិភាព» គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះសម្រាប់ព្រះយោងទៅតាមច្បាប់ និងប្រពៃណីរបស់ជនជាតិយូដា។
នៅក្នុងច្បាប់ប្រពៃណីរបស់ជនជាតិយូដា បុគ្គលត្រូវបានហាមឃាត់មិនឱ្យនិយាយថា «Shalom» នៅពេលពួកគេនៅក្នុងបន្ទប់ទឹក ដោយសារមានការហាមឃាត់មិនឱ្យនិយាយព្រះនាមណាមួយនៅក្នុងបន្ទប់ទឹក ដោយមិនគោរពចំពោះព្រះនាមដ៏ទេវភាព។ ការអធិដ្ឋានដ៏សំខាន់នៅក្នុងសាសនាយូដាដែលត្រូវបានសូត្របីដងក្នុងមួយថ្ងៃ និងបញ្ចប់ដោយការអង្វរសុំ «សន្តិភាព» និងពរជ័យ។
«សន្តិភាព» គឺជាចំណុចកណ្តាលនៃគោលការណ៍ស្នូលរបស់សាសនាយូដា។ «សន្តិភាព» បរិបូរណ៍ជាពេលវេលាដែលអាវុធនឹងប្រែទៅជាកន្លែងភ្ជួររាស់ ហើយសត្វតោនឹងដេកជាមួយកូនចៀមដាវរបស់ពួកគេទៅជាកន្លែងភ្ជួររាស់ហើយ លំពែងរបស់ពួកគេទៅជា ទំពក់បេះផល្លានុផល ហើយប្រជាជាតិនឹងមិនលើកដាវប្រឆាំងនឹងជាតិខ្លួនទៀតឡើយ។
*នៅក្នុងប្រពៃណីសមាធិ «សន្តិភាព» ខាងក្នុងត្រូវបានគេជឿថាជាស្ថានភាពនៃស្មារតី ឬការត្រាស់ដឹង ដែលអាចត្រូវបានដាំដុះដោយប្រភេទផ្សេងៗនៃសមាធិការអធិដ្ឋាន យូហ្គា ឬប្រភេទផ្សេងៗនៃ វិន័យផ្លូវចិត្ត ឬផ្លូវកាយ។ ការអនុវត្តបែបនេះជាច្រើនសំដៅទៅលើ «សន្តិភាព» នេះថាជាបទពិសោធន៍នៃការស្គាល់ខ្លួនឯង។
ក្នុងទស្សនវិជ្ជានយោបាយ «សន្តិភាព» គឺជាការដាច់ខាតប្រឆាំងនឹងអាកប្បកិរិយាហិង្សាក្នុងគ្រប់កាលៈទេសៈ រួមទាំងការការពារខ្លួន ដូចជាទស្សនះប្រធានាធិបតីអាមេរិកទី១ លោក ចច វ៉ាស៊ីនតោន ជាបិតាសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា «សន្ដិភាព» ត្រូវត្រៀមធ្វើសង្រ្គាម។ បានសេចក្ដីថា «សន្ដិភាព» ត្រូវបានគេចាត់ទុកជាម្ដុដរបស់ព្រះនគររបស់គេ ដើម្បីថែរក្សាឲ្យបានឋិតថេរគង់វង្សតរៀងទៅ គឺគេត្រូវត្រៀមធ្វើការលុបបំបាត់នូវការបះបោរនាំឲ្យបែកបាក់ជាតិរបស់អាមេរិកខ្លួន។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ដែលជាអ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ យល់ថាដោយ «សន្ដិភាព» ជាទេពមានគុណតម្លៃដ៏ធំធេងសំរាប់គ្រប់ជាតិសាសន៍លើពិភពលោកទាំងមូលតាំងពីបុរាណតរៀងមកនេះ ដូច្នេះលោកធ្វើការស្រាវជ្រាវដើម្បីនឹងបោះពុម្ពជាសៀវភៅទុកឲ្យខេមរជនខ្មែរបានឈ្វេងយល់ជាឧត្ដមប្រយោជន៍ជាតិខ្លួនតរៀងទៅ៕