(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានទាត់ចោលទាំងស្រុង ចំពោះការលើកឡើងថា អាជ្ញាធរខេត្តតាកែវ មានគម្រោង រំលាយចោលសហគមន៍មណ្ឌលទេសចរណ៍ទន្លេបាទី ដែលអាជ្ញាធរខេត្ត បានដកចេញពីការគ្រប់គ្រងពីក្រុមហ៊ុនបាទី Tour Deverlopment កាលពីឆ្នាំ២០១៤ ដើម្បីប្រគល់មកឲ្យប្រជាពលរដ្ឋក្នុងសហគមន៍គ្រប់គ្រងជំនួសវិញ។
ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកអភិបាលខេត្តតាកែវ បានអះអាងថា អាជ្ញាធរ ខេត្ត នឹងចុះទៅជួបជាមួយប្រជាសហគមន៍ក្នុងពេលដ៍ខ្លីខាងមុខ ដើម្បីជជែកពិភាក្សាគ្នាពាក់ព័ន្ធការគ្រប់គ្រងសហគមន៍នេះ រួមទាំងការរិះគន់ពីសំណាក់ភ្ញៀវទេសចរកន្លងមកផងដែរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា «យើងគ្មានបំណងរំលាយសហគមន៍មណ្ឌលទេសចរណ៍ទន្លេបាទីនេះទេ ក៏ប៉ុន្តែអាជ្ញាធរខេត្ត និងពង្រឹងការគ្រប់គ្រងសហគមន៍នេះសារជាថ្មី»។
បើតាមលោកអភិបាលខេត្តតាកែវ ការគ្រប់គ្រងថ្មីនៅក្នុងសហគមន៍ គឺអាជ្ញាធរ និងបង្កើតគណៈកម្មាធិការមួយ ដើម្បីពិនិត្យរាល់ការលក់តម្លៃម្ហូមអាហារ និងការយកប្រាក់មួយចំនួនពីរថយន្ត ដែលចូលទៅទស្សនានៅរមណីយដ្ឋានទន្លេបាទី ដើម្បីយកប្រាក់ទាំងអស់នោះ ទៅឲ្យអ្នកបោសសំអាត និងអ្នកប្រមូលសំរាម។ តម្លៃម្ហូមអាហារ ដែលដាក់លក់ត្រូវមានតារាង និងមានតម្លៃសមរម្យជៀសវាងលក់កោភ្ញៀវទេសចរ ដែលនាំឲ្យមានការរិះគន់ និងប៉ះពាល់ដល់មុខមាត់ខេត្ត៕