(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២២នេះ បានរៀបចំបេីកកិច្ចប្រជុំប្រកាសបូកសរុបលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងលេីកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគណប្រជាជនកម្ពុជា សង្កាត់ទាំង៥ ព្រមទាំងប្រធានសាខាបក្សភូមិទាំង៥៩។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក រស់ សូផាន់ អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ, លោក ព្រហ្ម ឌិន អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ, លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ, លោក មុំ សុភាព អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ គណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ សមាជិក សមាជិកាគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខណ្ឌ សរុបចំនួន១៥២នាក់។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕