(ត្បូងឃ្មុំ)៖ លោក ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរ មូលដ្ឋានឃុំវាលម្លូរ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ កើនឡើង៦ លើ៧ អាសនៈ។
ការថ្លែងអំណរគុណបែបនេះ របស់លោក ប៉ា ម៉េងហុក បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាល និងប្រគល់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរឃុំវាលម្លូរ នៅស្នាក់ការបក្សឃុំវាលម្លូរ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ។
នាឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃ ក្នុងការងារកន្លងមក នេះបង្ហាញឱ្យឃើញពីការខិតខំរួមគ្នា របស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោកក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំវាលម្លូរ ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ និងទំនុកចិត្ត ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្សទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។
លោក ប៉ា ម៉េងហុក សង្ឃឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីនេះ គណបក្សប្រជាជនកម្ពុជានឹងមានប្រជាពលរដ្ឋគាំទ្រច្រើន ខណៈសមាជិកយើងបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងឈានដល់យកជ័យលាភីឈ្នះ នៅថ្ងៃបោះឆ្នោតសកលក្នុងអាណត្តិទី៥ ខាងមុខនេះ។
គូសបញ្ជាក់ថា ជាលទ្ធផលក្នុងឃុំវាលម្លូរ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ មានប្រជាពលរដ្ឋចំនួន ៤.៣៤០នាក់ បានអញ្ជើញទៅបោះឆ្នោតចំនួន៧២.១៥%ភាគរយ នៃចំនួនសមាជិកបក្សសរុប។ ជាលទ្ធផលក្នុងទូទាំងឃុំវាលម្លូរ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦/៧អាសនៈ។
ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានប្រគល់អំណោយរបស់ក្រុមហ៊ុន REVLON ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបាន មួកសុវត្តិភាព១ ឆាត១ ច្រាសដុះធ្មេញ៣០ ទឹកអប១ប្រអប់ កាតាបស្ទាយ១ ថ្នាំលាបសក់៣ប្រអប់ ព្រមទាំងប្រគល់ឃីតចំនួន២៥៨៥កញ្ចប់ ជូនដល់អាជ្ញាធរភូមិយកទៅចែកជូនសមាជិកបក្សនៅមូលដ្ឋានរៀងៗខ្លួនផងដែរ៕