(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំខេត្តព្រៃវែង និងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យឡើងអ្នកតាមេ-ស។
ពិធីបុណ្យប្រពៃណីស្រុកភូមិមួយនេះ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលមានបញ្ហាប្រឈមជំងឺឆ្លងកូវីដ-១៩។
អាស្រ័យដោយអំណោយផលល្អ ដែលរាជរដ្ឋាភិបាលបានដឹកនាំប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ បុណ្យឡើងអ្នកតាមេ-ស នៅស្រុកបាភ្នំឆ្នាំនេះ ត្រូវបានប្រារព្ធរៀបចំឡើងវិញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ដល់ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនៅថ្ងៃបង្ហើយនៃកម្មវិធីបុណ្យទៅកាន់អ្នកចូលរួមដ៏ច្រើនកុះករប្រមាណ ៥០០០នាក់ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការបន្តរក្សាទំនៀមទម្លាប់ពីយូរលង់ ដ៏ប្រពៃរបស់អ្នកស្រុកក្នុងការរំលឹកគុណបុព្វបុរសជាតិ វីរជនសេ្នហាជាតិមាតុភូមិ ក៏ដូចជាការប្រារព្ធខួបព្រឹត្តិការណ៍ជាតិរំលឹកគុណបំណាច់ដ៏ឧត្តុង្គឧត្តមដែលយើងទាំងអស់គ្នាត្រូវចងចាំជាប់ជានិច្ចមានជាអាទិ៍ ២ធ្នូ ១៩៧៨ ៧មករា ១៩៧៩ ៩វិច្ឆិកា១៩៥៣ ជាដើម ដែលបុព្វបទឫសគល់នៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិកម្ពុជាសម្រាប់មនុស្សគ្រប់ជំនាន់។
ឆ្លៀតឱកាសដ៏មហោឡារិកនៃពិធីបុណ្យឡើងអ្នកតាមេ-សឆ្នាំនេះផងដែរ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងក្នុងនាមក្រុមការងារស្រុកបាភ្នំនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋស្រុកបាភ្នំ ទាំងមូលដែលបានអញ្ជើញទៅបោះឆ្នោត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
ជោគជ័យនេះ ជាសក្ខីភាពបញ្ជាក់ច្បាស់ពីការបន្តគាំទ្រដោយឥតងាករេរបស់ប្រជាជនស្រុកបាភ្នំ រួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះការដឹកនាំដ៏ត្រឹមត្រូវថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងជារៀងដរាបតរៀងទៅ៕