(តាកែវ)៖ ជាវិធានការសម្រាប់ដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ពេលជួបគ្រោះរាំងស្ងួត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានជីកស្រះទឹកថ្មីមានទំហំធំៗចំនួនពីរ និង ស្តារស្រះទឹកចាស់ចំនួន ៤បន្ថែមទៀត ដែលរំពឹងថា អាចស្តុកទឹកបានច្រើនជួយដល់ប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតនៅលើកក្រោយៗទៀត។
បើទោះបីជាពេលនេះភ្លៀងបានបង្អុរធ្លាក់មកជួយធ្វើឲ្យស្ថានការ នៃការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋបានធូរស្រាលក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅតែបង្ហាញកង្វល់ចំពោះកង្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ ហើយនៅតែបន្តដាស់តឿនអាជ្ញាធរពាក់ព័ន្ធទាំងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ជូនប្រជាពល រដ្ឋ និង បន្តជួសជុល ជីកអណ្តូង ស្តារ និងជីកស្រះទឹកថ្មីៗបន្ថែមទៀត។
ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ។ នៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ និង ជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃកប្បាស បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចុះជួយស្រុកព្រៃកប្បាស និង ឃុំព្រៃកប្បាស បើកការដ្ឋានស្តារស្រះមួយកន្លែង នៅក្នុងភូមិអំពិលរៀង ឃុំព្រៃកប្បាស ដែលជាសំណូមពររបស់ប្រជាពលរដ្ឋចំនួន ៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៥៣០នាក់។ ស្រះទឹកនេះ មានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ។
ក្នុងថ្ងៃដដែលនោះ លោកទេសរដ្ឋមន្រ្តី និងក្រុមការងារ រួមមានវត្តមាន លោក ង៉ាន់ ភិរុណ និង លោក ញឹម ប៉ូង៉ាន ដែលជាប្រធាន និង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តាញ់ បានចុះទៅត្រួតពិនិត្យការងារស្តារស្រះទឹកនៅភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្រះនេះមានបណ្តោយ ៦០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របតាមសំណូមពររបស់ប្រជាជន ៣១៥គ្រួសារ។ ស្រះទឹកនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។
ប្រជាពលរដ្ឋទាំងមូលនៅភូមិក្ប៉ម ព្រមទាំងក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បានសម្ដែងអំណរគុណ និង សេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នៅថ្ងៃម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ រួមទាំងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាំងយ៉ាប ដែលមានវត្តមាន លោក ជីវ សុខហាក់ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាំងយ៉ាប បានចុះមើលស្រះ ០៤កន្លែងទៀតនៅក្នុងឃុំតាំងយ៉ាប ដែលត្រូវស្តារនៅពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចុះជួយស្រុកព្រៃកប្បាសទាំងមូលបានប្ដេជ្ញាជីកស្រះ និងជីកអណ្ដូងទឹកសម្រាប់ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅទូទាំងស្រុក ឲ្យបានគ្រប់គ្រាន់ដោយគោរពតាមការណែនាំ របស់សម្ដេច តេជោ ហ៊ុន សែន៕