(ភ្នំពេញ)៖ អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនដោយយោងតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រុះ ខេត្តកណ្តាល លោក រស់ ផុនចាន់និមល ពាក់ព័ន្ធបញ្ហាដីធ្លី នៅក្រុងតាខ្មៅ គឺលោកមានដីកាមួយបញ្ឈប់ឱ្យចាប់ខ្លួនពីសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
បើយោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់សាលាឧទ្ធរណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ របស់លោក គី ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ បានបញ្ជាក់ថា តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៥៨ «ក្រ VI គ.ធ» ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឱ្យឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ (សាវតាជាតិដូចខាងលើ) រួចផុតពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» និងបានសម្រេចបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧០៥ ដកបចខ/២១ និងលេខ៧០៦ ដកបចខ/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១ លើឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ របស់ចៅក្រមជំនុំជម្រះសាលាខេត្តកណ្តាលរួចហើយ។
តាមរយៈដីការបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ ដដែលគូសបញ្ជាក់បន្ថែមថា «បង្គាប់មកភ្នាក់ងារសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ ដែលមានអត្តសញ្ញាណដូចខាងលើនេះ»។
ជុំវិញករណីនេះ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី១២ ខែមិថុនានេះថា «ដោយសាថ្ងៃនេះ ជាថ្ងៃឈប់សម្រាកពេលនេះខាងប៉ូលីសបានបញ្ជូនឈ្មោះ ស្រេង សុខា បានបញ្ជូនឈ្មោះនេះទៅពន្ធនាគាខេត្តកណ្តាល ហើយខាងពន្ធនាបានទទួលបានទទួលឃុំខ្លួន ឈ្មោះ ស្រេង សុខា តាមដីកាចាប់របស់លោកចៅក្រមជំនុំជម្រះ រស់ ផុនចាន់និមល ហើយ»។
ដោយឡែកលោក ឯម និមល ប្រធានពន្ធនាគារខេត្តកណ្ដាល ក៏បានបញ្ជាក់ប្រាប់មកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលថា «ឈ្មោះ ស្រេង សុខា កំពុងតែជាប់នៅក្នុងពន្ធនាគារខេត្តកណ្តាល ក្រោយពីសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនមកដល់ពន្ធនាគារ»។
តែទោះជាយ៉ាងណាគេមិនទាន់ដឹងពីនីតិវិធីឱ្យលម្អិតថាហេតុអ្វី លោក ស្រេង សុខា មានដីបញ្ឈប់ឱ្យចាប់ខ្លួនលោកពីសាលាឧទ្ធរណ៍ ហើយបែរជាសមត្ថកិច្ចនៅតែអនុវត្តន៍ដីការបស់សាលាដំបូងខេត្តកណ្តាល ហើយឈានទៅដល់ការឃាត់ខ្លួនលោក រួចបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលទៀត។
គួរជម្រាបថា អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះ ខេត្តកណ្តាល ពាក់ព័ន្ធបញ្ហាដីធ្លី នៅក្រុងតាខ្មៅ ចុះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន៕