(សិង្ហបុរី)៖ ឆ្លៀតនៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការពារប្រទេសហ្វីលីពីន និងរដ្ឋមន្រ្តីការពារប្រទេសប្រ៊ុយណេ។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីការពារប្រទេសហ្វីលីពីន និងរដ្ឋមន្រ្តីការពារប្រទេសប្រ៊ុយណេ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ ដែលបានអនុញ្ញាតជូននាយទាហានមកចូលរួមក្នុងកិច្ចប្រជុំក្រុមការងារជំនាញ “WG” កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន “ACDFM” និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន “ADSOM”»។
នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញរដ្ឋមន្ត្រីការពារប្រទេសហ្វីលីពីន និងប្រ៊ុយណេ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅអំឡុងខែមិថុនា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ចាប់ពីថ្ងៃទី១០ ដល់១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចក៏មានការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបុរីផងដែរ៕