(កណ្ដាល)៖ ឃុំភូមិធំ ដែលជាទីរមណីយដ្ឋានទេសចរណ៍ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានសំលេងឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺគណបក្សប្រជាជនកម្ពុជា អសនៈចំនួន ៨ អាសនៈលើ ៩អាសនៈ ដែលនេះជាប្រវត្តិសាស្រ្តតំបន់ទីរមណីយដ្ឋានទេសចរណ៍មួយនេះ។
ការផ្តល់នូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំភូមិធំនេះ គឺជាប្រវត្តិសាស្ត្រមួយក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល និងចូលរួមយ៉ាងសកម្មផងដែរពីលោក កែវ សុខឃាង ប្រធានក្រុមការងារចុះជួយឃុំភូមិធំ ស្រុកកៀនស្វាយ, លោក អ៊ូ ឈាង ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយ និងលោក មាន ណាត ព្រមទាំងសមាជិក សមាជិកាទាំងអស់ផងដែរ។
ដើម្បីជាការដឹងគុណ និងថ្លែងអំណរគុណដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលោក កែវ សុខឃាង បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ភូមិ នៅឃុំភូមិធំ ដែលបានសំណេះសំណាល និងឧបត្ថម្ភកញ្ចប់អាហារ និងភេសជ្ជៈសម្រាប់ជប់លៀងផងដែរ។
ស្ថិតនៅក្នុងឱកាសនៃជំនួបប្រជាពលរដ្ឋទាំង៥ភូមិនេះ លោក កែវ សុខឃាង បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានខិតខំតស៊ូដឹកនាំប្រទេសជាតិពីផេះផង់ ឱ្យទទួលបាននូវការរីកចម្រើន សុខសន្តិភាពមានការអភិវឌ្ឍ មានសេដ្ឋកិច្ចរីកលូតលាស់ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើង ហើយនឹងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះដែរ លោកកែវ សុខឃាង ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ទូទាំងប្រទេស ដោយប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងដែលគិតថ្លៃដោយសម្រេចបានជាង៩០% ទូទាំងប្រទេស ដែលនេះជាស្នាដៃដ៏អស្ចារ្យរបស់សម្ដេច ដែលបង្កើតភាពស៊ាំ នៅក្នុងសហគមន៍ធ្វើឱ្យកម្ពុជា រួចផុតពីគ្រោះទុកភ័យកូវីដ១៩ និងបានបើកឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ មានដំណើរការសេដ្ឋកិច្ចរីកចម្រើនឡើងដោយប្រជាពលរដ្ឋមានចំណូលកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕