(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានក្រើនរំឮកបន្ថែម ដើមន្ត្រីនៅតាមមូលដ្ឋានទូទាំងស្រុកសូមដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានទំនួលខុសត្រូវខ្ពស់ចំពោះភាកិច្ចរបស់ខ្លួន។
ការក្រើនរំឮកបែបនេះ របស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងកិច្ចប្រជុំដកបទបិសោធន៍រកនូវចំណុចខ្លាំងនិងចំណុចខ្សោយក្នុងពេលឃោសនា និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាតាមបណ្តាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយជាច្រើនរូប។
ក្នុងកិច្ចប្រជុំក្រុមការងារ បានរកឃើញនូវចំណុចខ្វះខាតជាច្រើនដូចជាបញ្ហាផ្លូវខូច បញ្ហាព្រៃសសហគមន៍ បញ្ហានេសាទបញ្ហាដីគ្មានប្លង់កម្មសិទ្ធិ និងបទល្មើសជាដើម។
ជាមួយនឹងការលើកឡើងនូវបញ្ហាប្រឈមលោកស្រី បានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា និងបានជំរុញដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាពង្រឹងសមត្ថភាព និងបទពិសោធន៍ដើម្បីឱ្យគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។
បន្ថែមពីនេះ លោកស្រី បានណែនាំឱ្យសូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះសូមរាយការណ៍បន្ទាន់ ឬបញ្ជូនមកថ្នាក់លើ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកស្រីបន្ថែមថា សមាជិកទាំងអស់ត្រូវមានការសាមគ្គីភាព ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀតហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
ក្នុងនោះលោកស្រី ឃួន ឃុនឌី បានឧបត្ថម្ភថវិកាចំនួន ១០,៥០០,០០០រៀល ដល់ឃុំទាំង១១ សម្រាប់ចាត់ចែងជួបជាមួយប្រជាពលរដ្ឋផងដែរ៕