(កំពង់ចាម)៖ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី៤ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួន ៥៤នាក់ និងលោកគ្រូអ្នកគ្រូចំនួន៤នាក់ មកពីវិទ្យាល័យបាធាយ និងវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប។ គោលបំណងនៃបង្កើតវេទិកាថ្នាក់រៀន ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ គឺដើម្បីជំរុញដល់ការយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្សឲ្យចូលរួមពិភាក្សា និងពិចារណាស្វែងយល់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។
វេទិកាថ្នាក់រៀននេះបានផ្ដល់នូវកម្មវិធីសិក្សារួមមាន៖ ការធ្វើបទបង្ហាញអំពីកិច្ចការងារស្រាវជ្រាវចងក្រងឯកសារ និងសកម្មភាពអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងការដាក់តាំងពិព័រណ៍រូបថត, ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទស្សនៈកិច្ចសិក្សាទៅកាន់ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍ដើម្បីរំឭកការចងចាំពីអំពើប្រល័យពូជសាសន៍។
លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានទទួលស្វាគមន៍ និងដឹកនាំ សិស្សានុសិស្ស និងលោកគ្រូ/អ្នកគ្រូ ដើម្បីទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពី ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន ការធ្វើការងារនៅការរដ្ឋានទំនប់ និងការវិលត្រឡប់មក វិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មក សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចូលទស្សនាពិព័រណ៍រូបថតចំនួន៨ផ្ទាំង ដែលរៀបរ៉ាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ភ្ជាប់ជាមួយទិដ្ឋភាពពីមូលដ្ឋានដែលស្រាវជ្រាវ និងសរសេរ ដោយអ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តកំពង់ចាម។ ក្នុងឱកាសកំពុងដើរទស្សនារូបថតនៅក្នុងសាលពិព័រណ៍ លោក ចិន្ដា បានបង្ហាញអំពីឯកសារខ្មែរក្រហមដែលមានតម្កល់នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងជំរុញទឹកចិត្តឲ្យសិស្សានុសិស្ស ចូលមកអានឯកសារ និងស្រាវជ្រាវកាន់តែច្រើនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ជាកិច្ចបន្ទាប់ លោក ផេង ពង្សរ៉ាស៉ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងនិយមន័យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ លោក រ៉ាស៉ី និយាយទៅកាន់សិស្សានុសិស្សទាំងអស់អំពីការបង្រៀនដល់កុមារនៅក្រោមដើមឈើ នៅក្នុងរបបខ្មែរក្រហម។ ការលើកឡើងបែបនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍ និងការផ្សាភ្ជាប់របស់សិស្សនុសិស្សចូលរួម ដែលកំពុងអង្គុយនៅក្រោមដើមមានដ៏ធំ មួយនៅពេលនេះ។ លោកចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដែលអូស បន្លាយរយៈពេល២ម៉ោង។ ក្នុងអំឡុងពេលនៃវេទិកាថ្នាក់រៀននេះ សិស្សានុសិស្សចូលរួមបាន ស្ដាប់ការ ធ្វើបទបង្ហាញរបស់វាគ្មិនយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរ បោះពុម្ពលើកទី២ ដើម្បីទុកជាឯកសារអានផ្ទាល់ខ្លួន និងស្វ័យសិក្សាបន្ថែមពីប្រវត្តិសាស្ត្រនេះ។
សម្រាប់កម្មវិធីបន្ទាប់សិស្សនិងលោកគ្រូអ្នកគ្រូ ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ក្នុងឱកាសចុះមកដល់ទីតាំងចេតីយ៍រំឭកនេះ សិស្សានុសិស្ស បានជួបនិយាយផ្ទាល់ជាមួយអ្នករស់រាន មានជីវិតពីរបបខ្មែរក្រហមចំនួន២នាក់គឺ តុង សុភា ដែលបានបាត់បង់ឪពុក និង មួង សៀងលី ដែលជា កងចល័តនារីក្នុងរបបខ្មែរក្រហម។ ក្នុងជំនួបសន្ទនាផ្ទាល់រយៈពេលជិត១ម៉ោងនេះ សិស្សានុសិស្ស បានសួរសំនួរជាច្រើនទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីបទពិសោធន៍ ការធ្វើការងារហួស កម្លាំង ការហូបចុកមិនគ្រប់គ្រាន់ និងការបាត់បង់សាច់ញាតិនៅក្នុងរបបខ្មែរក្រហម។
បន្ទាប់ពីកម្មវិធីទស្សនកិច្ចសិក្សានៅទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍បានបញ្ចប់ សិស្សានុ សិស្ស និងលោកគ្រូ/អ្នកគ្រូ ដែលចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នេះ បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
* លោកគ្រូ ឡាំង ឆេងម៉ាប់ នាយករងនៃវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប ដែលដឹកនាំសិស្សនិងលោកគ្រូអ្នកគ្រូចូលរួមវេទិកាថ្នាក់រៀននេះ ថា៖ «កម្មវិធីអប់រំអំពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យនេះ គឺល្អណាស់សម្រាប់សិស្សានុសិស្ស ដែលកំពង់សិក្សាកម្រិតវិទ្យាល័យ ដើម្បីធ្វើ ការឆ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរ ដែលមានការផ្ទុះឡើងនូវសង្រ្គាមស៉ីវិល និងអំពើប្រល័យពូជសាសន៍។ ការស្វែងយល់បន្ថែម អំពីប្រវត្តិសាស្ត្រនាពេលនេះគឺដើម្បីពង្រឹងចំណេះដឹងបន្ថែមទៅលើមេរៀនក្នុងថ្នាក់សម្រាប់សិស្សានុសិស្ស។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំងនោះ គឺការឲ្យសិស្សានុសិស្សចុះទស្សនកិច្ចសិក្សា និងមានឱកាសជួបសួរនាំផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។
* សិស្សឈ្មោះ ឡន សុខយីតតា ភេទស្រី រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប បានលើកឡើងចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំបានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅថ្នាក់ប្រវត្តិសាស្រ្តនៅវិទ្យាល័យ។ អ្វីដែលខ្ញុំទទួលបានពីវេទិកាថ្នាក់រៀននេះ គឺការយល់ដឹង ច្រើនជាងមុនអំពីព្រឹត្តិការណ៍សង្រ្គាមស៉ីវិលនៅកម្ពុជា និងរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ អ្វីដែលសំខាន់បន្ថែមលើនេះទៀតនោះ ខ្ញុំក៏បានស្ដាប់ដោយផ្ទាល់នូវការនិយាយប្រាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតអំពីទុក្ខលំបាក និងការបាត់បង់សាច់ញាតិនៅចេតីយ៍»។
* សិស្សឈ្មោះ សួស ឧស្សារ ភេទស្រី រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប និយាយថា៖ «ខ្ញុំទទួលចំណេះដឹងជាច្រើន អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំដឹងអំពីផលវិបាក និងវិនាសកម្មបន្សល់ទុកដោយខ្មែរក្រហម ប៉ុន្តែនៅពេលនេះ ខ្ញុំដឹងអំពីផលវិជ្ជមានសេសសល់ពីរបបខ្មែរក្រហម ដូចជា ទំនប់ទឹក ដែលក្លាយទៅជាទីកន្លែងស្ដុកទុកទឹក និងកន្លែងកំសាន្តនាពេលបច្ចុប្បន្ន»៕