(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ក្រោមក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត៕