(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល តំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធទាំងស្រុង ចំពោះការចោទរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីដាក់វីដេអូឃ្លីប។

ការចេញសេចក្តីថ្លែងការណ៍បដិសេធនេះ បានធ្វើឡើងបន្ទាប់ពីជនជាប់ចោទ កឹម សុខា តាមរយៈសារព័ត៌មាន កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចោទក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ថាបានយកឃ្លីបវីដេអូមកចោទប្រកាន់លោកដោយបំពាន។

ចំពោះករណីនេះ ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី សូមបដិសេធចោលទាំងស្រុងនូវការអះអាងដោយបំភ្លៃខុសពីការពិតនេះ ដោយមូលហេតុថា៖

«ភស្ដុតាងជាឃ្លីបវីដេអូ ដែលក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី បានលើកយកមកសួរបញ្ជាក់លើជនជាប់ចោទ កឹម សុខា ក្នុងសវនាការកាលពីថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ គឺមាននៅក្នុងសំណុំរឿងស្រាប់ ដែលភស្ដុតាងនេះស្រាវជ្រាវ និងប្រមូលបានដោយចៅក្រមស៊ើបសួរនៅក្នុងដំណាក់កាលនៃការស៊ើបសួរ, មួយវិញទៀត រាល់ភស្តុតាងដែលបានដាក់ចូលក្នុងសំណុំរឿង សុទ្ធតែត្រូវបានដាក់ឲ្យយកពិនិត្យពិភាក្សាពីគ្រប់ភាគី។

ជនជាប់ចោទ កឹម សុខា មានការបារម្ភភ័យនឹងឃ្លីបវីដេអូនេះ ដោយសាតែវាជាភស្តុតាងរឹងមាំមួយ បង្ហាញពីចេតនារបស់ជនជាប់ចោទ កឹម សុខា ក្នុងការប្រកាសដោយហឹង្សា បង្ករកំលាំងខុសច្បាប់ គោលដៅប្តូរថ្នាក់ដឹកនាំជាតិ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវស្របច្បាប់។ ផ្អែកតាមភស្ដុតាងជាឃ្លីបវីដេអូ និងភស្ដុតាងផ្សេងៗ ដែលមាននៅក្នុងសំណុំរឿង គឺមានភាពរឹងមាំ និងអាចដាក់បន្ទុកធ្ងន់ធ្ងរ ទៅលើជនជាប់ចោទ កឹម សុខា។

មូលហេតុនេះ ទើបជនជាប់ចោទ កឹម សុខា ព្យាយាមរកលេស ដោយអគតិ ដោះបន្ទុក និងបានធ្វើការចោទប្រកាន់ដោយពុំត្រឹមត្រូវ ទៅលើក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី»។

ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី បានរំលឹកថា ជនជាប់ចោទ កឹម សុខា គប្បីសិក្សាអំពីនីតិវិធី និងរៀនសិក្សាសំណុំរឿងឱ្យបានច្បាស់លាស់ ព្រមទាំងព្យាយាមស្វែងរកភស្ដុតាងដោះបន្ទុកខ្លួនឯង ជាជាងស្រែកប្រកូកប្រកាសបំភ្លៃការពិត ចោទប្រកាន់ទំលាក់កំហុស លើក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបែបនេះ៕