(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា យើងជាមន្ត្រីជានិច្ចកាលត្រូវរំលឹកខ្លួនឯងថាខ្លួនយើងជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយប្រជាជនទេ។
លោក ជា អឿង បានថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដកបទបិសោធន៍រកនូវចំណុចខ្លាំង និងចំណុចខ្សោយក្នុងពេលឃោសនា និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាតាមបណ្តាឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្កជាច្រើនរូប។
នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងលះបង់ថវិកា សម្ភារៈ ពេលវេលាដើម្បីការងារជូនគណបក្សឱ្យបានទទួលបានលទ្ធផល បើទោះបីចាញ់ ឬឈ្នះក៏ដោយ។
លោកបានបន្តថា «យើងត្រូវចាំឱ្យច្បាស់យើងមិនមែនចៅហ្វាយប្រជាជនទេ គឺយើងជាខ្ញុំបម្រើដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន បើកាលណាយើងមិនបានបំពេញកាត្វកិច្ចជាមន្ត្រីល្អទេនោះយើងនឹងក្លាយទៅជាមន្ត្រីដ៏អាក្រក់ដែលប្រជាជនស្អប់ខ្ពើម»។
លោក ជា អឿង បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព សង្គមឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តការលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។
ជាចុងក្រោយ លោកបានណែនាំដល់គ្រប់មន្ត្រីទាំងអស់ត្រូវធ្វើជាមន្ត្រីល្អដែលប្រជាជនផ្តល់ជំនឿចិត្តពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះឥរិយាបថមិនត្រូវពើងទ្រូងនោះទេ គឺត្រូវយល់ឱ្យច្បាស់ពីប្រជាពលរដ្ឋដែលយើងត្រូវបម្រើ៕