(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបញ្ជូនសមាជិក សមាជិការបស់ខ្លួនប្រមាណជិត៤ម៉ឺននាក់ ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍ជុំវិញដំណើរការបោះឆ្នោតមួយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅគ្រប់កម្រិត គ្រប់លំដាប់ថ្នាក់ ដែលបានធានាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

ពិសេសបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពសេរី ភាពត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត ព្រមទាំងតម្លាភាព ភាពចាស់ទុំ និងភាពឯករាជ្យម្ចាស់ការ ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំនៃកិច្ចដំណើរការប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ឲ្យទទួលបានលទ្ធផលជោគជ័យ៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា៖