(កណ្តាល)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ផ្នែកគ្រឹះស្ថានឧត្តមសិក្សា បានរៀបចំកម្មវិធី «សុខភាព និងការអប់រំ» ក្រោមអធិបតីភាព លោក ណាសៀត អូស្មានប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។ កម្មវិធីនេះធ្វើឡើងនៅសាលាបឋមសិក្សាសុពណ៌ ដែលមានទីតាំងស្ថិតនៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ផ្នែកគ្រឹះស្ថានឧត្តមសិក្សា, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៧០០នាក់ផងដែរ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំសុខភាពកុមារ នៅតាមសាលារៀន-សហគមន៍ ជាពិសេសធ្វើឲ្យកុមារយល់ដឹងកាន់តែច្បាស់ អំពីអនាម័យប្រចាំថ្ងៃ ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ការអាន នៅកម្ពុជា និងបង្កើនសមត្ថភាពកុមារនៅតាមសាលារៀន ឲ្យមាននិន្នាការស្រឡាញ់ការអានកាន់តែខ្លាំងបន្ថែមទៀត។
ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានសម្តែងនូវក្តីរីករាយដែលបានចូលរួមជាមួយនិស្សិត មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាក្នុងរាជធានីភ្នំពេញ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ផ្នែកគ្រឹះស្ថានឧត្តមសិក្សា ដែលបានបង្កើតនូវកម្មវិធីដ៏មានសារ:សំខាន់នេះឡើង។
លើសពីនេះទៅទៀត លោក ណាសៀត អូស្មាន ក៏មានមតិផ្តាំផ្ញើទៅដល់សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសត្រូវពង្រឹងការអានឲ្យបានច្រើន និងថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
ជាចុងបញ្ចប់នៃកម្មវិធី លោក ណាសៀត អូស្មាន ក៏បានប្រគល់សៀវភៅចំនួន១,០០០ក្បាល ជូនដល់សាលាបឋមសិក្សាសុពណ៌ សម្រាប់ដាក់តម្កល់ក្នុងបណ្ណាល័យសាលា ហើយនៅក្នងឱកាសនោះផងដែរ តបតាមការស្នើសុំរបស់លោកនាយកសាលា គណៈអធិបតីក៏បានឧបត្ថម្ភបង់អង្គុយ១ឈុត សម្រាប់ឲ្យសិស្សានុសិស្សអង្គុយអានសៀវភៅផងដែរ៕