(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សូមសំដែងនូវក្តីក្រៀមកំបំផុតដោយលោក ម៉ាត់ ហ៉ីម អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈអីម៉ាំខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅរសៀល ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១៖៣០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃរបស់លោក ម៉ាត់ ហ៉ីម ដែលបានរួមចំណែកបូជាកម្លាំងកាយចិត្ត បន្សល់ទុកនូវស្នាដៃល្អៗជាច្រើន ក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍សហគមន៍ខ្មែរឥស្លាម ក៏ដូចសង្គមជាតិ និងផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានចាត់ទុកថា មរណភាពនេះ គឺជាការបាត់បង់ឪពុក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភក្តិដែលតែងតែមានសមានចិត្តជាមួយដោយមិនមានការរើសអើង។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកស្តាយបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមទូអាបួងសួងសុំពី អល់ឡោះជាម្ចាស់ មេត្តាប្រទាននូវសេចក្តីសណ្តោសប្រោសប្រណី អភ័យទោស និងទទួលយកនូវរាល់កុសលផលបុណ្យទាំងឡាយដែលលោក ម៉ាត់ ហ៉ីម បានសាងកន្លងមកកុំបីខានឡើយ៕