(តាកែវ)៖ ព្រះសង្ឃជាសាមណេរជាង៣០០អង្គ ដែលគង់សិក្សានៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ទទួលបានការពិនិត្យសុខភាព និងចំណេះដឹងពីសុខភាពសិក្សា និងបញ្ហាគ្រឿងញៀន។
ការទទួលបានចំណេះដឹង និងការពិនិត្យសុខភាពនេះ បានធ្វើឡើងនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ ក្នុងពិធីរៀបចំបុណ្យសង្ឃទាន និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួនជាង៣០០អង្គ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងពុទ្ធបរិស័ទជាក្រុមគ្រួសារ មិត្តភក្ដិ និងសហការីរួមការងារ។
ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះ វិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ និងព្រះគ្រូ ភិន វុឌ្ឍី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ បានមានសង្ឃដីការប្រកបដោយបិតិសមនស្សរីករាយចំពោះលោកស្រីបណ្ឌិត សឿ សុជាតា និងពុទ្ធបរិស័ទទាំងអស់ ដែលបានមកកាន់អារាមវត្តប្រាសាទនាងខ្មៅ និងពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ដេីម្បីធ្វេីបុណ្យទាន។
ថ្លែងក្នុងនាម ជាតំណាងពុទ្ធបរិស័ទ ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានបន្តថា កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាពមានការរីកចម្រេីនលេីគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ អ្វីៗទាំងអស់ រីកចម្រេីនបានតែក្នុងសន្តិភាព បេីគ្មានសន្តិភាព គឺកុំនិយាយពីការអភិវឌ្ឍ ព្រោះបេីគ្មានសន្តិភាពសូម្បីតែជិវិតមិនដឹងសល់ ឬអត់ផង។
ក្នុងឱកាសនោះ ដែរ លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានឆ្លៀតចែករំលែកនូវចំណេះដឹងពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសុខភាពសិក្សា៖ សុវត្ថិភាពចំណីអាហារ ការលើកកម្ពស់អនាម័យ បរិស្ថានល្អសុវត្ថិភាពចរាចរណ៍ ផលប៉ះពាល់ និងគ្រោះថ្នាក់បង្កដោយគ្រឿងស្រវឹង គ្រឿងញៀន និងថ្នាំជក់ ជាដេីម ដល់ព្រះភិក្ខុ និងសាមណសិស្ស ទាំងអស់។
ជាមួយគ្នានឹងពិធីបុណ្យប្រកបដោយសទ្ធាជ្រះថ្លានោះ លោកស្រី បណ្ឌិត សឿ សុជាតា និងពុទ្ធបរិស័ទជាគ្រូពេទ្យបានពិនិត្យសុខភាពជូនព្រះសង្ឃ និងសាមសិស្សទាំងអស់ ព្រមទាំងប្រគេនសៀវភៅគោលនយោបាយជាតិស្តីពី សុខភាពសិក្សាចំនួន២០ក្បាល សៀវភៅស្តង់ដាអនាម័យតាមគ្រឹះស្ថានសិក្សា ចំនួន ២០ក្បាល សៀវភៅសិក្សាស្តីពីការបង្ការគ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងលំនាំនៃការបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិចំនួន៤០ក្បាល ព្រមទាំងហ្វូសស្ទើអប់រំ ផងដែរសម្រាប់ការកសាងធនធានមនុស្សនៅវត្តប្រាសាទនាងខ្មៅ៕