(កណ្តាលស្ទឹង)៖ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកណ្តាលស្ទឹង និងតាមបណ្តាឃុំទាំង១៨ ព្រមទាំងកម្លាំងយុវជន និងសកម្មជនបក្សនៅទូទាំងស្រុក ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងប្តូរផ្តាច់ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ។
ស្រុកកណ្តាលស្ទឹង ជាស្រុកមួយនៅក្នុងខេត្តកណ្តាល ទទួលបានសំឡេងគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ។
ស្រុកកណ្តាលស្ទឹងមានឃុំចំនួន១៨ ហើយមានប្រជាពលរដ្ឋចុះបញ្ជីឈ្មោះបោះឆ្នោតសរុប ៧២,២៣៥នាក់។ យោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ស្រុកកណ្តាលស្ទឹងមានប្រជាពលរដ្ឋទៅបោះឆ្នោតសរុប ៦៤,៨២៧នាក់ ស្មើនឹង ៨៩.៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជី។
លទ្ធផលបានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋទៅបោះឆ្នោត បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៥២,៣៦០សំឡេង ស្មើនឹង ៨២.៦១ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំទាំងស្រុងចំនួន ៩ឃុំ។ ដោយឡែកឃុំចំនួន ៩ផ្សេងទៀត ត្រូវបានគណបក្សភ្លើងទៀន ទទួលបាន ១អាសនៈ ក្នុងមួយឃុំ។
ក្នុងនាមជាអនុប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង តំណាងឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាប្រធានក្រុមការងារនោះ អ្នកឧកញ៉ា ទ្រី ភាព បានសម្តែងការអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកណ្តាលស្ទឹង ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ អ្នកឧកញ៉ា បានគូសរំលេចថា ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកណ្តាលស្ទឹង ជាការបង្ហាញឱ្យឃើញទឹកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ផ្តល់ការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានសាងនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។ ជាពិសេសបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
«ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាកិច្ចការមួយដែលប្រជាពលរដ្ឋបានមើលឃើញជាក់ស្តែងពីការស្រឡាញ់ និងការឈរជើងការពារអាយុជីវិតយ៉ាងប្តូរផ្តាច់របស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ នេះជាសច្ចភាព ជាសច្ចធម៌មួយ ដែលប្រជាពលរដ្ឋលោកបានមើលឃើញ ហើយគាត់បានសម្រេចទម្លាក់សន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។
បើទោះបីជាយ៉ាងណា អ្នកឧកញ៉ា ទ្រី ភាព ក៏បានមើលឃើញដែរថា ការប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវា និងដោះស្រាយការលំបាករបស់ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងការរួមចំណែកចូលរួមកសាង និងអភិវឌ្ឍន៍នៅមូលដ្ឋានពីក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាកត្តាគួបផ្សំបន្ថែមទៀតក្នុងការទទួលបានការជឿជាក់ និងអានិតស្រឡាញ់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះ អ្នកឧកញ៉ា ទ្រី ភាព មិនភ្លេចនោះទេ ក្រើនរំលឹកដល់បេក្ខភាពក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវា ការបម្រើ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ អ្នកឧកញ៉ា បានសង្កត់ថា «ការបម្រើដោយក្តីស្រឡាញ់ ដោយស្មោះស្ម័គ្រ ដោយភក្តីភាពចំពោះប្រជាពលរដ្ឋ គឺយើងនឹងទទួលបានការស្រឡាញ់ និងការជឿទុកចិត្តពីប្រជាពលរដ្ឋមកវិញផងដែរ»។
ជួសមុខឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹងទាំងអស់, អ្នកឧកញ៉ា ទ្រី ភាព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផ្តល់ឱកាស និងការជឿទុកចិត្តឱ្យក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនៅគ្រប់ឃុំក្នុងស្រុកកណ្តាលស្ទឹង។
ក្នុងនាមជាអ្នកជួយជ្រោមជ្រែងក្នុងការកសាង និងអភិវឌ្ឍន៍មួយរូបក្នុងស្រុកកណ្តាលស្ទឹង អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញការប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ស្រុកកណ្តាលស្ទឹង ហេដ្ឋារចនាសម្ព័ន្ធនានា ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។
អ្នកឧកញ៉ា ទ្រី ភាព ក៏មិនភ្លេចដែរអំពាវនាវដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកណ្តាលស្ទឺងទាំងអស់ បន្តប្រឹងប្រែងពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស និងធ្វើសកម្មភាពព្រមៗគ្នាបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងកិច្ចសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារនេះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៅគណបក្សស្រុក គណបក្សឃុំ និងក្រុមការងារផងដែរ៕