(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ នៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ហុច តូច អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ និងទី២៖ ឈ្មោះ សេង ហេង អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍ដដែលបន្ថែមថា ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងម៉ាក Honda Dream ពណ៍ខ្មៅ គ្មានស្លាកលេខម្ចាស់ឈ្មោះ ភួង រិទ្ធ អាយុ៥១ឆ្នាំ
មុខរបរមេភូមិ រស់នៅចំណុចកើតហេតុខាងលើ។ ខណៈពេលម្ចាស់បានទុកម៉ូតូនៅមុខផ្ទះ ហើយជនសង្ស័យទាំង២បានធ្វើសកម្មភាពលួចបណ្ដើរម៉ូតូចេញ រួចក៏ត្រូវបានម្ចាស់ម៉ូតូរាយការណ៍ជូនសមត្ថកិច្ច ហើយក៏បានធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំ រឿងដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕