(ភ្នំពេញ)៖ ស្ថានទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីអបអរសាទរដល់ ទិវាជាតិនៃប្រទេសរុស្ស៉ី នៅក្នុងសណ្ឋាគារ Le Royal រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមដោយ លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ព្រមទាំងមានតំណាងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័ន អង្គភាពការទូត បញ្ជាការកងកម្លាំងប្រដាប់អាវុធ អ្នកធុរកិច្ច សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី តំណាងប្រព័ន្ធផ្សព្វផ្សាយ និងវិហារគ្រិស្តអូស្សូដក់រុស្ស៉ី ជាដើម។
នៅក្នុងឱកាសនោះ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៉ី បានកត់សម្គាល់ពីសារសំខាន់ នៃពិធីបុណ្យជាតិ ដែលរំលឹកដល់ការរួមចំណែកដ៏ធំធេងរបស់រុស្ស៉ី ក្នុងជ័យជំនះលើលទ្ធិណាស៊ីនិយមក្នុងអំឡុងសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ក៏ដូចជាសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកទេស និងវប្បធម៌។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ ពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងរុស្ស៉ី និងកម្ពុជា ជំនួយនៃប្រទេសរបស់យើងក្នុងការស្តារឡើងវិញ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗនៅពេលបច្ចុប្បន្ន ហើយបានកត់សម្គាល់ដោយទំនុកចិត្តពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី លី ធុច បានបញ្ជាក់ពីការអភិវឌ្ឍយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរុស្ស៉ី-កម្ពុជា ក្នុងវិស័យជាច្រើន ដែលក្នុងរយៈពេល៦៦ឆ្នាំនៃទំនាក់ទំនងការទូត ត្រូវបានពង្រឹងដោយការគាំទ្រគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងទំនាក់ទំនងមនុស្សធម៌ដ៏ជិតស្និទ្ធ។
សម្រាប់ពិធីនេះ ភ្ញៀវកិត្តិយសនានា ក៏បានអញ្ជើញទស្សនាពិព័រណ៍រូបថតនិម្មិត ស្តីពីភាពស្រស់ស្អាត និងសមិទ្ធផលរបស់ប្រទេសរុស្ស៉ី ក៏ដូចជាការសម្តែងដែលត្រូវរៀបចំ ដោយសមាជិកគ្រួសារនៃបុគ្គលិកស្ថានទូតផងដែរ៕